(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថា បានទុកពេលឲ្យ Frank Lampard មានឱកាសដឹកនាំក្រុមលេង ៣ប្រកួតទៀតប៉ុណ្ណោះ ដើម្បីកាន់តំណែងជាអ្នកចាត់ការក្នុងក្លិបនេះបន្តទៀត។

អ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេស វ័យ ៤២ឆ្នាំខាងលើនេះ បានរងសម្ពាធជាខ្លាំង ក្រោយដឹកនាំ Chelsea រងបរាជ័យកើនដល់ ៦ប្រកួតក្នុង Premier League រដូវកាលនេះ និងជាពិសេសមិនអាចរកបានសូម្បី ១គ្រាប់សោះពេលប្រកួតចាញ់ម្ចាស់ផ្ទះ Leicester City ២-០ កាលពីរាត្រីថ្ងៃអង្គារដើមសប្តាហ៍នេះ។

Frank Lampard ត្រូវធ្វើយ៉ាងណាដឹកនាំលេងឲ្យឈ្នះក្រុម Tuton Town ក្នុងយុទ្ធនាការ FA Cup មុនពេលបន្តប៉ះក្រុម Wolverhamton Wanderers និង Burnley ក្នុង Premier League នាថ្ងៃទី២៧ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដើម្បីបន្ថយសម្ភាធនានានៅកីឡដ្ឋាន Stamford Bridge។

ថ្មីៗនេះដែរប្រភពព័ត៌មានចេញពី Express បានឲ្យដឹងថា មានបេក្ខជន ២រូបដែលបានកំពុងនាំមុខគេក្នុងការជំនួសតំណែង Lampard ក្នុងក្លិបតោខៀវ Chelsea រួមមានលោក Thomas Tuchel ដែលក្លិបបារាំង PSG ទើបបញ្ចប់តួនាទី និងលោក Massimiliano Allegri ដែលអត់មានក្លិបដឹកនាំតាំងពីឆ្នាំ២០១៩ ក្នុងចំណោមលោក Julian Nagelsmann និងលោក Ralph Hasenhuttl ដែលស្ថិតក្នុងក្រសែភ្នែករបស់ម្ចាស់ក្លិបលោក Roman Abramovich៕