(ភ្នំពេញ)៖ បន្ទាប់បានវិវត្តខ្លួន មកជាតារាចម្រៀងអាជីពពេញលេញ ក្រោយបានចុះកិច្ចសន្យាជាមួយផលិតកម្ម «GalaxyNavatra» ជីវិតថ្មីរបស់តារាចម្រៀង តន់ ច័ន្ទសីម៉ា បានធ្វើឲ្យនាងផ្លាស់ប្ដូរ១៨០ដឺក្រេយ៉ាងលឿនបំផុត។ មានអតីតភាពជាសិស្សម្ចាស់ជយលាភីស្មូតកំណាព្យលេខ១ ប្រចាំខេត្តតាកែវ និងបានដើរស្មូតតាមរោងបុណ្យ តាមវត្តអារាមនានា ក្មេងស្រីម្នាក់នេះ មិនធ្លាប់គិតឡើយថា អាចក្លាយខ្លួនជាតារាចម្រៀងល្បី ហើយអាចច្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដូចសព្វថ្ងៃនេះបានឡើយ។

ស្រីស្រស់រាងតូចច្រឡឹង តន់ ច័ន្ទសីម៉ា គឺជាក្មេងមាននិស្ស័យសិល្បៈតាំងពីកំណើត នាងមានស្រុកកំណើតមកពីខេត្តតាកែវ ដែលមានឪពុកជាមន្ត្រីរាជការ និងម្ដាយជាស្ត្រីមេផ្ទះ។ តន់ ច័ន្ទសីម៉ា ជាកូនទី៣ក្នុងចំណោមបងប្អូន៤នាក់ សុទ្ធតែស្រីទាំងអស់។ សីម៉ា មាននិស្ស័យលើសិល្បៈតន្ត្រីតាំងពីតូចៗមក ពោលគឺតាំងពីនាងទើបមានអាយុ៥ឆ្នាំម្ល៉េះ។ តន់ ច័ន្ទសីម៉ា និយាយថា «ខ្ញុំចេះច្រៀងតាំងពីអាយុ៥ឆ្នាំ ម៉េសបង និយាយទៅស្រឡាញ់ខ្លាំងហ្មង អារឿងច្រៀងរាំអីហ្នឹង..(សើច)!»

កាលពីនៅសិក្សានៅឯស្រុកកំណើត តន់ ច័ន្ទសីម៉ា ធ្លាប់ជាសិស្សជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាំខេត្តតាកែវ។ ដោយសារនិស្ស័យសិល្បៈដុះដាល ក្នុងចិត្តតាំងពីនាយបែបនេះ ផ្សំនឹងការសិក្សាបញ្ចប់ថ្នាក់ទី១២ផង សីម៉ា ក៏បានសម្រេចចិត្តចាកចោលភូមិស្រុក ឡើងមកបន្តការសិក្សានៅភ្នំពេញ នាដើមឆ្នាំ២០១៧ ក្នុងពេលដែលនាងទើបមានអាយុ១៧ឆ្នាំ។

តារាចម្រៀងតូចច្រឡឹង តន់ ច័ន្ទសីម៉ា បានប្រាប់ Fresh News Plus ឲ្យដឹងថា នៅលើដីក្រុង គឺមានតែនាងម្នាក់ឯង គ្មានគ្រួសារសាច់ញាតិអ្វី ដែលអាចពឹងពាក់បានឡើយ។ ដូច្នេះហើយរឿងត្រូវធ្វើ គឺត្រូវខំរស់ដោយខ្លួនឯង ព្រោះស្ថានភាពគ្រួសាររបស់នាង ក៏មិនជាធូរធាដែរ។ ស្ថានភាពនេះ សីម៉ា ប្រាប់ថា សំអាងលើទេពកោសល្យសិល្បៈចម្រៀងរបស់នាង នាងក៏ចេញរកការងារធ្វើ ហើយចាត់ជាភ័ព្វល្អនៅខ្ទង់ពាក់កណ្ដាលឆ្នាំ២០១៧ នាងត្រូវបានថៅកែហាងមួយ ព្រមទទួលយកនាងធ្វើជាតារាចម្រៀងក្នុងហាងរបស់ខ្លួន ហើយពេលនោះជីវិតតស៊ូជាអ្នករៀនផង ធ្វើការផង ក៏បានចាប់ផ្ដើម។

ចូលច្រៀងក្នុងហាងខាងលើនោះ តន់ ច័ន្ទសីម៉ា ត្រូវបានថៅកែផ្ដល់ប្រាក់ខែ ៤៥០ដុល្លារក្នុង១ខែ។ ចំនួននេះតារាស្រីលើកឡើងថា សមល្មមនឹងអាចឲ្យនាងរស់បានណាស់ទៅហើយ ហើយរឹតតែសប្បាយចិត្តទៅទៀត ព្រោះនាងមិនដែលសង្ឃឹមថា សមត្ថភាពច្រៀងរបស់នាង ដែលធ្វើទៅតាមនិស្ស័យសោះ អាចឲ្យនាងរកចំណូលបានគួរសម សម្រាប់ផ្គត់ផ្គង់ខ្លួនឯង និងផ្គត់ផ្គង់ការសិក្សាថែមទៀត។ ក្រោយពីច្រៀង នៅក្នុងហាងបានមួយរយៈធំ នាងក៏បានឈប់វិញ ហើយក៏បានដាក់ពាក្យប្រឡង ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក រៀបចំដោយទូរទស្សន៍មួយក្នុងស្រុក នៅឆ្នាំ២០១៨។

ចុងក្រោយបំផុត តន់ ច័ន្ទសីម៉ា ក៏ត្រូវបានផលិតកម្ម Galaxy ហៅចូលធ្វើជាតារាចម្រៀងមានកិច្ចសន្យា កាលពីដើមឆ្នាំ២០១៩។ នៅក្នុងផលិតកម្មនេះ តារាចម្រៀងវ័យ២២ឆ្នាំ មានបទជាច្រើនបានចេញលើទីផ្សារ សុទ្ធជាបទពេញនិយម ដូចជាបទ «មិនស្មោះស្រឡាញ់រកងាប់អី, យល់ច្រឡំថាគេស្រឡាញ់យើង, គេនោះជាស្រីកាប់ដាវ, ដណ្ដឹងអូនទៅ, ចង់សុំWifi» និងបទ«ឡានស៊ីរ៉ែន»ជាដើម ដែលធ្វើឲ្យមហាជនគាំទ្រនាង យ៉ាងភ្លូកទឹកភ្លូកដី ស្ទើរមិនគួរឲ្យជឿ។

និយាយពីអ្នកចូលទស្សនាបទចម្រៀងរបស់ តន់ ចន្ទសីម៉ា ពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀងវ័យក្មេងរូបនេះ ប្រើពេលមិនដល់មួយឆ្នាំផង គឺវ៉ាដាច់គេទាំងអស់ ពោលគឺមានអ្នកចូលទស្សនាសរុប រហូតដល់ទៅ៥០០លានដងឯណោះ (5០០M)។ នេះបើតាមបង្ហាញឲ្យដឹងពីផលិតកម្ម GalaxyNavatra ។ ផ្អែកតាមរបាយការណ៍ពីនោះ អាចនិយាយបានថា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀងក្មេងម្នាក់ ដែលមានអ្នកទស្សនាច្រើនជាងគេ នៅកម្ពុជានៅឆ្នាំ២០២០កន្លងទៅនេះ។

នៅថ្ងៃនេះផលិតកម្ម «GalaxyNavatra» បានឲ្យនាងច្រៀងចាប់ដៃគូ ជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បន្ថែមទៀត ហើយការចាប់ដៃគូគ្នានេះ មិនមែនជារឿងចៃដន្យនោះឡើយ ទាំងនេះដោយសារតែសមត្ថភាពរបស់នាង ជាហេតុផលនាំឲ្យនាងអាចមានឱកាសច្រៀង ជាដៃគូជាមួយលោក ព្រាប សុវត្ថិ បង្កើតអាល់ប៊ុមថ្មី។ អាល់ប៊ុមដំបូងរបស់អ្នកទាំងពីរ មានចំណងជើងថា «កាត់ឆុង» ទើបនឹងចេញក្ដៅៗនៅព្រឹកនេះតែម្ដង។

ចង់ដឹងថាបទ «កាត់ឆុង» មានអត្ថន័យនិងទឹកដមពីរោះយ៉ាងណា តោះ...! ទស្សនានិងស្ដាប់ទាំងអស់គ្នា៖