(ភ្នំពេញ)៖ ក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) (Huawei) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT) និងឧបករណ៍ឆ្លាតវៃ ដែលរួមមានដំណោះស្រាយបច្ចេកវិទ្យា Cloud និង AI ជាមួយនឹងក្រុមហ៊ុន អាយជីធិកគ្រុប (IG Tech Group) ដែលជាក្រុមហ៊ុននវានុវត្តន៍ និងបច្ចេកវិទ្យាដែលលូតលាស់រហ័សនៅកម្ពុជា និងមានវត្តមាននៅទីផ្សារអន្តរជាតិ ដោយផ្តើមចេញពីក្រុមហ៊ុនដំបូង អាយឌាលីង ខនសាល់ធីង (Idealink Consulting) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងពង្រីកទីផ្សារសេវាបច្ចេកវិទ្យា Cloud និង AI របស់ក្រុមហ៊ុន Huawei នៅកម្ពុជា និងក្នុងតំបន់។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុន អាយជីធិក នឹងក្លាយជាដៃគូចម្បងរបស់ក្រុមហ៊ុន Huawei សម្រាប់ការចែកចាយ និងរៀបចំអនុវត្តដំណោះស្រាយបច្ចេកវិទ្យា Cloud និង AI របស់ក្រុមហ៊ុន Huawei ។ ជាមួយគ្នានោះផងដែរ ក្រុមហ៊ុន Huawei និង ក្រុមហ៊ុន អាយជីធិក នឹងសហការអភិវឌ្ឍ និងកែច្នៃរួមគ្នាលើដំណោះស្រាយបច្ចេកវិទ្យា Cloud និង AI ដើម្បីឲ្យសមស្របតាមតម្រូរវការទីផ្សារក្នុងតំបន់ ដោយក្នុងនោះ ក្រុមហ៊ុន Huawei នឹងផ្តល់ដល់ ក្រុមហ៊ុន អាយជីធិក នូវការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងឧបករណ៍បច្ចេកវិទ្យា Cloud និង AI សម្រាប់ទ្រទ្រង់ប្រតិបត្តិការដំណោះស្រាយ និងថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន អាយជីធិក ក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុន Huawei។

លោក Charles Che អគ្គនាយករង និងជានាយកផ្នែកបច្ចេកវិទ្យា Cloud និង AI របស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា បានថ្លែងថា ក្រុមហ៊ុន Huawei បានដំណើរការនៅកម្ពុជាអស់រយៈពេល ២២ឆ្នាំ មកហើយ និងតែងតែអនុវត្តនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងស្រុក ហើយបាននិងកំពុងផ្គត់ផ្គង់នូវបច្ចេកវិទ្យា ពត៌មាន និងគមនាគមន៍ទំនើបៗ ព្រមទាំងបច្ចេកទេសការងារល្អៗលើពិភពលោកមកដល់កម្ពុជា។ ក្រុមហ៊ុន Huawei បាននិងកំពុងសហការជាមួយដៃគូក្នុងស្រុក និងលើសកលោក ដើម្បីផ្គត់ផ្គង់សេវាបច្ចេកវិទ្យានានាក្នុងដំណើរការឆ្ពោះទៅការប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់កម្ពុជា។

លោកបន្តថា Huawei Cloud គឺជាសេវាកម្មថ្មីមួយដែលត្រូវបានដាក់ឲ្យដំណើរជាពិសេសសម្រាប់ការអភិវឌ្ឍកម្ពុជានាពេលអនាគត។ លោកជឿជាក់ថា កិច្ចសហប្រតិបត្តការដ៏រឹងមាំរវាង ក្រុមហ៊ុន Huawei និង អាយជីធិក នឹងរួមចំណែកអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ដោយពឹងផ្អែកលើបច្ចេកវិទ្យា Cloud ក៏ដូចជានាំមកនូវសេវកម្មបច្ចេកវិទ្យា Cloud ដ៏ល្អបំផុតសម្រាប់កម្ពុជា និងតំបន់ទាំងមូល។

លោក គឹម ពុធគីរី អគ្គនាយកក្រុមហ៊ុន អាយជីធិក បានបន្ថែមថា កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Huawei គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ ក្រុមហ៊ុន អាយជីធិក ក្នុងការគាំទ្រដល់សេវាកម្មតាមប្រព័ន្ធឌីជីថលនានាឲ្យដំណើរការដោយរលូន និងបង្កើននូវភាពរស់រវើកនៃសេវាកម្មទាំងនោះ ជាមួយនឹងបច្ចេកវិទ្យា Cloud និង AI ដែលទំនើបរបស់ក្រុមហ៊ុន Huawei។

លោកបន្តថា ក្រុមហ៊ុន អាយជីធិក បាន និងកំពុងអភិវឌ្ឍថ្នាលបច្ចេកវិទ្យាសម្រាប់ស្នាដៃសិល្បៈក្នុងទម្រង់ឌីជីថល (Digital Content Platform) ដើម្បីផ្តល់អំណាចដល់អ្នកបង្កើតស្នាដៃសិល្បៈនានា (Content Creators) មកពីគ្រប់មជ្ឈដ្ឋាន ហើយសង្ឈឹមថានឹងពង្រីកការលូតលាស់ថ្នាលបច្ចេកវិទ្យាសម្រាប់ស្នាដៃសិល្បៈក្នុងទម្រង់ឌីជីថលរបស់យើង ជាមួយនឹងសេវាបច្ចេកវិទ្យា Cloud របស់ក្រុមហ៊ុន Huawei គឺដូចគ្នានឹងថ្នាលឌីជីថល Netflix ដែលរីកលូតលាស់ជាមួយនឹងសេវាបច្ចេកវិទ្យា Cloud របស់ Amazon (AWS) ផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Huawei ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៧ ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT) និងឧបករណ៍ឆ្លាតវៃ។ ក្រុមហ៊ុន Huawei មានបុគ្គលិកជាង ១៩៤,០០០ នាក់ ក្នុងនោះ ៤៩% ផ្តោតលើការងារស្រាវជ្រាវ និងអភិវឌ្ឍ និងមានប្រតិបត្តិការក្នុង ជាង១៧០ប្រទេស និងតំបន់ ព្រមទាំងផ្តល់សេវាកម្មដល់ប្រជាជនប្រមាណ ៣ ពាន់លាននាក់នៅទូទាំងពិភពលោក។ ក្រុមហ៊ុន Huawei បាន និងកំពុងប្រតិបត្តិការនៅកម្ពុជា អស់រយៈពេល ២២ឆ្នាំមកហើយ ដោយប្តេជ្ញានាំមកនូវប្រព័ន្ធបច្ចេកវិទ្យា ឌីជីថល សម្រាប់បុគ្គល គ្រួសារ អង្គភាពនានា ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាឲ្យកាន់តែឆ្លាតវៃ និងភ្ជាប់បណ្តាញទំនាក់ទំនងពេញលេញ។ បច្ចុប្បន្ន ក្រុមហ៊ុន Huawei មានប្រភេទផលិតផល និងសេវាកម្មចម្បងចំនួនបួន៖ Career Business Group, Enterprise Business Group, Cloud Service Business និង Consumer Business Group.

ជាមួយនឹងវត្តមាននៅទូទាំងតំបន់ មេគង្គ ក្រុមហ៊ុន អាយជីធិកគ្រុប គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ និងអនុវត្តដំណោះស្រាយបច្ចេកវិទ្យា នៅក្នុង ប្រទេស កម្ពុជា។ ប្រវត្តិ នៃអាយជីធិក បានកកើតឡើងតាំងពីឆ្នាំ២០១២ ដែលពីដំបូងនោះគឺជាក្រុមហ៊ុន អាយឌា លីង ខនសាល់ធីង។ ជំនាញស្នូលនៃ អាយជីធិក ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ និងការអនុវត្តដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុ និងច្ចេកវិទ្យាសម្រាប់វិស័យធនាគារ ហើយបានពង្រីកសមត្ថភាពខ្លួនទៅក្នុងវិស័យ Internet of Things (IoT), Smart Cities, Smart Card, អត្តសញ្ញាណឌីជីថល និងថ្នាលបណ្តាញសង្គមដោយប្រើបច្ចេកវិទ្យា Blockchain ព្រមទាំងថ្នាលបច្ចេកវិទ្យាឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។

សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់វេបសាយរបស់ក្រុមហ៊ុន Huawei តាមរយៈ www.huawei.com ឬទំនាក់ទំនងមកក្រុមហ៊ុន អាយជីធិក តាមរយៈអ៉ីម៉ែល [email protected]