(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានប្រកាសភាពជាដៃគូថ្មីមួយដែលអនុញ្ញាតឱ្យអតិថិជនអាចសងប្រាក់កម្ចីតាមរយៈភ្នាក់ងារវីង ឬកម្មវិធីស្មាតហ្វូនវីង។

ភាពជាដៃគូនេះ និងផ្តល់សេរីភាពដល់អតិថិជនរបស់ធនាគារពាណិជ្ជ ឈីហ្វ មិនថាជានៅតំបន់ដាច់ស្រយាលប្រទេសកម្ពុជាក៏ដោយ អាចសងប្រាក់កម្ចីតាមរយៈភ្នាក់ងារ វីងប្រកបដោយភាពងាយស្រួល រហ័សនិងមានសុវត្ថិភាព។ អតិថិជនក៏អាចសងប្រាក់កម្ចីតាមរយៈកម្មវិធីស្មាតហ្វូនវីង ដ៏មានភាពច្នៃប្រឌិត ដោយគ្រាន់តែចុចពីរ ឬបីដងលើទូរស័ព្ទដៃតែប៉ុណ្ណោះ។ លើសពីនេះអតិថិជនរបស់ធនាគារពាណិជ្ជ ឈីហ្វ ក៏អាចផ្ទេរប្រាក់បានយ៉ាងងាយស្រួលតាមរយៈប្រព័ន្ធបាគង ទៅប្រព័ន្ធអេកូឡូស៊ី ហិរញ្ញវត្ថុរបស់វីងផងដែរ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានឱ្យដឹងថា លោកមានអារម្មណ៍រីករាយដែលបានចូលរួមជាមួយធនាគារពាណិជ្ជ ឈីហ្វ ដើម្បីបន្តបេសកកម្ម ក្នុងការផ្តល់ជូនអតិថិជននូវដំណោះស្រាយដ៏ងាយស្រួល។ នេះគឺជាព្រឹត្តិការណ៍សំខាន់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ក្នុងការកែលម្អសេវាកម្មហិរញ្ញវត្ថុឌីជីថល ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅក្នុងសហគមន៍។

វីងដែលជាធនាគារឯកទេសក្នុងការទូទាត់ បានខិតខំប្រឹងប្រែងអស់រយៈពេលជាង១២ឆ្នាំមកហើយ ដើម្បីសម្រេចគោលដៅក្នុងការផ្តល់ជូនប្រជាជនកម្ពុជា គ្រប់រូប នូវការទទួលបានសេវាហិរញ្ញវត្ថុចល័ត ប្រកបដោយសុវត្ថិភាពរហ័ស ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកំពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ ការប្តេជ្ញាចិត្ត របស់វីងក្នុងការផ្តល់សិទ្ធអំណាចផ្នែកបរិយាប័ន្នហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា បានធ្វើឲ្យពួកគេអាចមានបណ្តាញភ្នាក់ងារវីងកាន់តែរឹងមាំ និងការអភិវឌ្ឍកាន់តែប្រសើរ នៃកម្មវិធីស្មាតហ្វូនវីង។ ចំណុចសំខាន់នៃភាពជាដៃគូរវាងធនាគារឯកទេសវីង និងធនាគារពាណិជ្ជ ឈីហ្វ គឺជាការចែករំលែកចក្ខុវិស័យរួមគ្នាមួយក្នុងការប្រើប្រាស់ សមត្ថភាព ផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជនកម្ពុជានៅទូទាំងប្រទេស។

លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារពាណិជ្ជ ឈីហ្វ បានឱ្យដឹងដែរថា ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារពាណិជ្ជឈីហ្វ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលកំពុងកើនឡើង ដូច្នេះអតិថិជនអាចផ្តោតលើកំណើនអាជីវកម្មរបស់ពួកគេ។ អតិថិជនរបស់ធនាគារពាណិជ្ជ ឈីហ្វ នឹងរីករាយនូវជម្រើសថ្មី ដែលអនុញ្ញាតឱ្យពួកគេបង់ប្រាក់កម្ចីរបស់ពួកគេដោយមិនចាំបាច់ទៅដល់ការិយាល័យរបស់ធនាគារពាណិជ្ជឈីហ្វនោះទេ។

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានសម្លឹងឃើញពីការរីកចម្រើនជាបន្តបន្ទាប់នៅកម្ពុជា ចាប់តាំងពីបានចាប់ផ្តើមប្រតិបត្តិការ កាលពីខែធ្នូ ឆ្នាំ២០១៣ ដោយមានដើមទុនដំបូងត្រឹមតែ ១០លានដុល្លារប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នមានទ្រព្យសកម្មសរុបមានចំនួនជាង ១៤៣លានដុល្លារគិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ និងបុគ្គលិកសរុបជាង ១៤០នាក់។ លោកចាត់ទុកអតិថិជនជាដៃគូយូរអង្វែង ដែលអាចធ្វើឱ្យធនាគារនៅតែបន្តរីកចម្រើនទៅមុខជាលំដាប់។

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ប្រើប្រាស់គំរូអាជីវកម្ម ធ្វើជាមូលដ្ឋានីយកម្ម និងអភិវឌ្ឍន៍ដែលសក្តិសមបំផុតទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជននៅក្នុង ប្រទេសកម្ពុជា មិនត្រឹមតែធ្វើការយ៉ាងសកម្មដើម្បីធ្វើឱ្យប្រសើរឡើងថែមទៀតនូវផលិតផលដែលមានស្រាប់ប៉ុណ្ណោះទេ ព្រមទាំងណែនាំផលិតផលនិងសេវាកម្មថ្មីៗ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ដែលកំពុងកើនឡើងជាលំដាប់។

CHIEF GROUP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ នៅទីក្រុងហុងកុង ដែលបានពង្រីកសក្តានុពលរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ដោយប្រកាន់ខ្ជាប់នូវជំនឿនៃការអនុវត្ត ក្រមសីលធម៌ និងការវិនិយោគដោយភាពប្រយ័ត្នប្រយែង និងបានបន្តដំណើរទៅមុខដោយប្រកាន់ខ្ជាប់នូវចក្ខុវិស័យបេសកកម្មគោលដៅ និងទស្សនវិស័យ និងផ្តល់ សេវាដល់អតិថិជនឱ្យកាន់តែប្រសើរឡើងជាងមុនដើម្បីទទួលបានលទ្ធផលល្អ។ ជោគជ័យនេះត្រូវបានគេសន្មត់ថាជាស្មារតីក្រុមខ្លាំងជាមួយនឹងចក្ខុវិស័យ និងគោលនយោបាយច្បាស់លាស់។

លោកអ្នកចូលទៅកាន់គេហទំព័រ www.chiefbank.com.kh  និងទាញយកកម្មវិធីទូរស័ព្ទចល័ត (CHIEF Mobile App) ឬមកកាន់សាខាណាមួយរបស់ធនាគារពាណិជ្ជ ឈីហ្វ អតិថិជននឹងទទួលបាននូវសេវាកម្មដ៏ល្អពីបុគ្គលិកដែលរងចាំផ្តល់សេវាជូនលោកអ្នក៕