(ប៉ារីស)៖ Marseille ដែលលេងក្នុង Ligue 1 របស់បារាំង បានប្រកាសពីការចុះកិច្ចសន្យាខ្ចីជើងកីឡាករខ្សែប្រយុទ្ធ Arkadiusz Milik ពីក្លិបពពកស Napoli រហូតដល់ឆ្នាំ២០២២ ជាមួយនឹងជម្រើសទិញដាច់ផងដែរ ក្នុងតម្លៃប្រមាណ ១២លានអឺរ៉ូ។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Live Score បានឲ្យដឹងថា ខ្សែប្រយុទ្ធ Milik ត្រូវបញ្ជូនមកលេងនៅបារាំង ក្រោយពេលមិនត្រូវបានដាក់ឲ្យចូលលេងប្រកួតណាមួយឡើយក្នុងរដូវកាលនេះ នៅពេលកីឡាករវ័យ ២៦ឆ្នាំរូបនេះបានចំណាយលេងនៅទឹកដីប្រទេសអ៉ីតាលី ៤ឆ្នាំកន្លះក្នុងក្លិប Napoli។

ជាមួយគ្នានោះ កីឡាករក្នុងក្រុមជម្រើសជាតិប៉ូឡូញខាងលើនេះ រកបាន ៤៨គ្រាប់ផងដែរពីការចូលលេងបាន ១២២ប្រកួតនៅ Serie A ក្រោយចាកចេញពីក្លិប Ajax របស់ហូឡង់ក្នុងឆ្នាំ២០១៦ ដែលមានតម្លៃខ្លួន ៣៥លានអឺរ៉ូថែមទៀតផង។

ថ្មីៗនេះដែរ Milik ក៏មានក្លិបទាក់ទងដើម្បីទៅលេងនៅ Premier League ផងដែរក្នុងក្លិប Tottenham Hotspur និង Everton តែគាត់បានបដិសេធ និងសម្រេចជ្រើសរើសយកក្លិបបារាំង Marseille ជំនួសវិញ ដែលបានកំពុងឈរនៅលេខរៀងទី៦ បណ្តោះអាសន្ន នៅក្រោម ១០ពិន្ទុពីក្រុមការពារតំណែងជើងឯក Paris Saint-Germain តែនៅសល់ ១ប្រកួតក្នុងដៃ៕