(អាមេរិក)៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងកំពូលមហាសេដ្ឋីលំដាប់ពិភពលោក បានសន្យាផ្ដល់រង្វាន់១០០លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាដែល «ល្អបំផុត» ដើម្បីចាប់យកការបំភាយកាបូនឌីអុកស៊ីត។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

លោក Musk បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា «ខ្ញុំបរិច្ចាគ ១០០លានដុល្លារអាមេរិក សម្រាប់បច្ចេកវិទ្យាណា ដែលល្អបំផុតក្នុងការចាប់យកកាបូន»។ ហើយលោកក៏បានបង្ហោះសារមួយឃ្លាទៀតថា «ព័ត៌មានលម្អិតនៅសប្តាហ៍ក្រោយ»។ ដូច្នេះមានន័យ ថាកំពូលមហាសេដ្ឋីរូបនេះនឹងប្រកាសពីគោលជំហរ និងគោលបំណងនៃសកម្មភាពចូលរួមកាត់បន្ថយការបំភាយកាបូនពីខ្យល់ នៅក្នុងពេលឆាប់ៗនេះ។

ពាក់ព័ន្ធនឹងការបង្ហោះសារនេះ ត្រូវបានក្រុមអ្នកឃ្លាំមើលលើកឡើងថា លោក Musk ប្រហែលជាអាចបង្កើតអង្គភាពថ្មីមួយដែលចូលរួម និងទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ ព្រោះថាបើតាមការបញ្ជាក់ពី Tesla និង SpaceX គឺក្រុមហ៊ុនទាំងពីរមិនបានពាក់ព័ន្ធនឹង រឿងនេះទេ។

គួរបញ្ជាក់ផងដែរថា ការចាប់យកការបំភាយកំដៅផែនដី កំពុងក្លាយជាផ្នែកមួយដ៏សំខាន់នៃការផែនការ ដើម្បីរក្សាការបម្រែបម្រួលអាកាស ដែលបច្ចុប្បន្នពិភពលោកទាំងមូលកំពុងតែយកចិត្តទុកដាក់ខ្លាំងបំផុត ប៉ុន្តែបច្ចុប្បន្ននេះនៅមិនទាន់មានបច្ចេកវិទ្យាណាល្អបំផុត ក្នុងការចាប់យកការបំភាយកំដៅផែនដី ឬការបំភាយកាបូនឌីអុកស៊ីតនោះទេ ខណៈដែលផែនការធំៗជាច្រើនគឺផ្ដោតលើការកាត់បន្ថយ ការបំភាយជាជាងការយកកាបូនចេញពីក្នុងខ្យល់៕