(បាសេឡូណា)៖ Miralem Pjanic និង Ousmane Dembele សុទ្ធតែទាត់បាល់ ១១ម៉ែត្រអត់ចូលដូចគ្នាក្នុងម៉ោងធម្មតា ដែលរារាំងបានដោយអ្នកចាំទី Ramon Juan ក្នុងម៉ោងធម្មតា មុនពេលយកឈ្នះ ២-០ ទៅលើក្រុមមកពីលីគ ទី៣ អេស្ប៉ាញ Cornella នៃនាទីបន្ថែមដើម្បីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Copa del Rey។

Juan ដែលមានវ័យទើបតែ ២១ឆ្នាំ គឺជាកីឡាករចាំទីដំបូងគេដែលធ្វើការសង្រ្គោះបាល់ចេញពី FC Barcelona ២គ្រាប់ក្នុង ១ប្រកួត។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។

តែយ៉ាងណា កីឡាករសញ្ជាតិបារាំង Dembele រកបាន ១គ្រាប់លុបលាងកំហុសវិញនៅនាទី៩២ ក្នុងម៉ោងថែម ១៥នាទី ២ដង នៅមុនពេលមិត្តរួមក្រុម Braithwaite រកបានគ្រាប់ទី២ នៅនាទី១២០+១ ដើម្បីនាំ Barcelona ឡើងទៅវគ្គ ១/៨ ជាបន្តទៀតក្រោមការបង្វឹករបស់លោក Ronald Koeman។

ក្រុមដែលអវត្តមានខ្សែប្រយុទ្ធលេខ១០ Lionel Messi ដោយសារជាប់បម្រាមកាតក្រហមនោះ នឹងអាចប៉ះក្រុមដែលជាសមាជិក La Liga ដូចគ្នារួមមាន Sevilla, Valencia, Real Sociedad, Real Betis, Granada, Real Valladolid និង Athletic Bilbao ដែលសុទ្ធសឹងតែបានឈ្នះកៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយដូចគ្នា៕