(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានបន្ដដឹកនាំជាប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា អាណត្តិទី៥ ឆ្នាំ២០២១-២០២៤ ក្រោយទទួលបានការគាំទ្រពីសមាជិកប្រតិបត្តិ ក្នុងមហាសន្និបាតបញ្ចប់អាណត្តីចាស់ទី៤ និងបន្ដអាណត្តិទី៥ នាល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា (NOCC)។

ទន្ទឹមជាមួយការរក្សាក្បាលម៉ាស៊ីនដឹកនាំនេះ សហព័ន្ធក៏បានផ្លាស់ប្ដូររចនាសម្ព័ន្ធសមាជិកប្រតិបត្តិមួយចំនួនដែរ ដើម្បីពង្រឹង និងជំរុញការអភិវឌ្ឍន៍វិស័យកីឡាអត្តសញ្ញាណជាតិនេះឲ្យកាន់តែរីកចម្រើន ជាក់ស្ដែងលោក កែវ រ៉េមី ត្រូវបានប្ដូរពីទីប្រឹក្សាជាន់ខ្ពស់មកជាអនុប្រធានសហព័ន្ធ ខណៈលោក វ៉ាត់ ចំរើន បានប្ដូរពីអនុប្រធានសហព័ន្ធមកជាអគ្គលេខាធិការជាដើម។

លោក វ៉ាត់ ចំរើន បានថ្លែងថា នេះគឺជាពេលដែលគ្រប់ភាគីពាក់ព័ន្ធត្រូវឯកភាពគ្នា រួបរួមគ្នា និងចាប់ដៃគ្នា ដើម្បីបន្ដអភិរក្ស និងអភិវឌ្ឍក្បាច់គុនល្បុក្កតោកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសដើម្បីជំរុញចលនាកីឡាប្រពៃណីវប្បធម៌ជាតិខ្មែរនេះទៅកាន់ឆាកអន្ដរជាតិ និងពង្រឹងសមត្ថភាពបមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនីត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។

គួរបញ្ជាក់ថា សមាសភាពសមាជិកប្រតិបត្តិសហព័ន្ធកីឡាគុនល្បុក្កតោកម្ពូជា អាណត្តិទី៥ គឺមាន ១៥រូប រួមមានលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ជាប្រធាន, លោក កែវ រ៉េមី, លោក ហ៊ុល ប៊ុនថា, ព្រឹទ្ធាចារ្យ សាន គឹមស៊ាន, ព្រឹទ្ធាចារ្យ ហុក ឈាងគឹម និងលោក ហេង ម៉េងហួ ជាអនុប្រធាន។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ ខណៈលោក ជា សុខភួង, លោក សាន អង្គររាជវ័ន្ទ និងលោក អ៊ូ តារា អគ្គលេខាធិការរង។ លោក វី តារា ជាអគ្គហិរញ្ញឹក ព្រមទាំងលោក ឡាយ រ៉ៃយ៉ុង, រឿន រស្មី, ញ៉ែម ស៊ន, ងួន សុជាតិ, ហែម ចិត្រ្តា, ហុក ភារម្យ, ចាន់ឬទិ្ធស័ក្ត និងកញ្ញា រឿន សុមានិច ជាសមាជិក៕