(អាមេរិក)៖ នៅទីបំផុតការចាក់ផ្សាយជាសាកលនូវខ្សែភាពយន្ត James Bond វគ្គ «No Time to Die» ត្រូវបានប្រកាសថា បន្តលើកពេលជាថ្មី ខណៈកន្លងទៅគ្រោងបញ្ចាំងនៅខែមេសាឆ្នាំ២០២១ តែពេលនេះត្រូវបានលើកពេលទៅខែតុលាវិញម្តង។ ការសម្រេចលើកពេលជាថ្មីនេះ គឺបន្ទាប់ពីសង្កេតឃើញថាជំងឺរាតត្បាតកូវីដ១៩នៅតែបន្តគំរាមគំហែង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

បើតាមសេចក្តីប្រកាសរបស់ផលិតកររឿង James Bond វគ្គ «No Time to Die» បានឲ្យដឹងថា ការបរិច្ឆេទថ្មីនៃការចាក់បញ្ចាំងខ្សែភាពយន្តមួយនេះ នឹងធ្វើឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១។ ភាពយន្តមួយនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាភាពយន្តកំពូលប្រចាំឆ្នាំ២០២០ ប៉ុន្តែការរំពឹកទុកនេះ ប្រែជាបរាជ័យទៅវិញ ដោយសារបញ្ហាកូវីដ១៩ ដូច្នេះវានឹងត្រូវពន្យារពេលទៅដល់ខែតុលា ឆ្នាំ២០២១នេះវិញម្តង។

ខ្សែភាពយន្តដែលចូលរួមសម្តែងដោយតារាភាពយន្តល្បី Daniel Craig ក្នុងនាមជាភ្នាក់ងារ០០៧ នេះ ត្រូវបានគេប៉ាន់ស្មានថា ចំណាយប្រាក់ក្នុងការផលិតប្រមាណ ២០០លានដុល្លារ។

ម្ចាស់រោងភាពយន្តជាច្រើនបានរំពឹកថា ខ្សែភាពយន្តវគ្គ «No Time to Die» នឹងធ្វើឲ្យងើបឡើងវិញនូវវិស័យខ្សែភាពយន្ត បន្ទាប់ពីវាបានរងឥទ្ធិពលអាក្រក់ជាខ្លាំងដោយសារជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០។ ជាពិសេសការលក់សំបុត្រនៅសហរដ្ឋអាមេរិក និងកាណាដា គឺមានការធ្លាក់ចុះរហូតដល់ ៨០ភាគរយឯណោះ៕