(ភ្នំពេញ)៖ ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលបានពន្យារពេលមករៀបចំនៅឆ្នាំ២០២១ ចាប់ពីថ្ងៃទី១៨-២១ ខែមករា បានបញ្ចប់ការប្រកួតហើយ ដោយក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេ។

ថ្លែងក្នុងពិធីបិទការប្រកួតនៅល្ងាចថ្ងៃទី២១ ខែមករា លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនក្នុងការប្រកួតឆ្នាំនេះ ទាំងមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី ទោះបីការប្រកួត ត្រូវបានពន្យារពេលម្ដងហើយម្ដងទៀត ដោយសារបញ្ហាកូវីដ-១៩ ក៏ដោយ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ដោយសារបញ្ហាកូវីដ-១៩ បានធ្វើឲ្យការប្រកួតឆ្នាំនេះ មានកីឡាករ-កីឡាការិនីចូលរួមតិចជាងឆ្នាំមុនៗ។ ម្យ៉ាងការអូសបន្លាយមកដល់ឆ្នាំ២០២១ ធ្វើឲ្យមន្ទីរតាមខេត្តមួយចំនួន ពិបាកក្នុងការរៀបចំបញ្ជូនអ្នកមកចូលរួម ហើយកីឡាករខ្លះក៏មិនបានត្រៀមខ្លួនចូលរួមដែរ ដោយសារប៉ះពាល់ការរក្សាទម្ងន់ បន្ទាប់ពីសហព័ន្ធបានពន្យារពេលចំនួន ២លើករួចមក។

ប៉ុន្ដែទោះបីចំនួនអ្នកចូលរួមតិចជាងឆ្នាំមុនក្ដី តែសហព័ន្ធសង្កេតឃើញការរីកចម្រើនច្រើន ទាំងសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីមួយចំនួនធំ ហើយសហព័ន្ធ នឹងសម្លឹងរកអ្នកខ្លាំង ក្នុងចំណោមអ្នកខ្លាំងចំនួន ១៥នាក់សម្រាប់ធ្វើការប្រមូលផ្ដុំជម្រើសជាតិ តាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីត្រៀមចូលរួមប្រកួតស៊ីហ្គេម នៅវៀតណាមនាចុងឆ្នាំ២០២១ នេះ។ លោក ប៊ុយ សុភ័ណ្ឌ បន្ថែម។

គួរបញ្ជាក់ផងថា ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេ រួមមានមេដាយមាស៤, ប្រាក់១ និងសំរឺទ្ធ២ ខណៈក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយមាស២ និងសំរឹទ្ធ១ និងក្លិបកីឡាប្រដាល់សកលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ៣ ឈ្នះមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ១ ខណៈខេត្តកណ្ដាល ឈរលេខ៤ ឈ្នះមេដាយមាស១ និងប្រាក់១៕