(ភ្នំពេញ)៖ តារាសម្តែងស្រី អ៊ឹម ដាលីស ថ្មីៗនេះស្រាប់តែរងការចោទប្រកាន់ថា នាងបានគេចវេសមិនសងបំណុល ដែលបានខ្ចីមិត្តរួមអាជីពសិល្បៈជាមួយគ្នា មានតម្លៃខ្ទង់១០ម៉ឺនដុល្លារ ខណៈម្ចាស់បំណុល ដែលជាតារាសម្តែង និងជាអ្នកចងការប្រាក់ កញ្ញា បាន ស្រីនាង ហាក់អត់ទ្រាំមិនបាន បានបង្ហោះសារទាំងកណ្តាលអាធ្រាត្រ ចំពោះការមិនទទួលខុសត្រូវរបស់ អ៊ឹម ដាលីស ដែលបានខ្ចីប្រាក់មិនព្រមសងតាមការកំណត់ ។

ក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន របស់តារាសម្តែងស្រី និងជាអ្នកចងការប្រាក់ កញ្ញា បាន ស្រីនាង ហៅអាជី បានបង្ហោះសារ ជាបន្តបន្ទាប់ពីការព្រងើយកន្តើយរបស់កូនបំណុល មានឈ្មោះថា អ៊ឹម ដាលីស មិនចូលខ្លួនដោះស្រាយប្រាក់ជំពាក់នាង ហើយនាងបានចាត់ទុកថា ជាការមើលងាយទឹកចិត្តនាង ដែលធ្លាប់ស្រឡាញ់រាប់អាននាង។

យ៉ាងណាមិញ នេះមិនមែនជាករណីដំបូងឡើយ ដែលតារាសម្តែងស្រី អ៊ឹម ដាលីស ត្រូវបានគេបង្ហោះបែបនេះដាក់នាង។ ជាក់ស្តែង មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា មានក្រុមសិល្បករ ផលិតករ និងអ្នកចងការប្រាក់ជាច្រើនបានបង្ហោះសារ អមដោយរូបថតតារាសម្តែងស្រី កញ្ញា អ៊ឹម ដាលីស ជាបន្តបន្ទាប់ ដើម្បីទាមទារឲ្យតារាស្រីរូបនេះចេញមុខ និងចូលខ្លួនដោះស្រាយបំណុលដែលជំពាក់។

មានការបង្ហើបពីអ្នកសិល្បៈរួមអាជីព បានលើកឡើងថា កញ្ញា អ៊ឹម ដាលីស មានបញ្ហាច្រើនជាមួយអ្នកចងការប្រាក់ និងអ្នកជិតដិតនាង ព្រោះតែនាងបានខ្ចីប្រាក់ពីពួកគេយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសរុបមិនក្រោម១០ម៉ឺនដុល្លារអាមេរិកឡើយ ហើយវាហួសពីសមត្ថភាពនាង ដើម្បីដោះស្រាយ ដែលសូម្បីតែក្រុមគ្រួសារនាង គឺបងប្រុសនាងក៏ធ្លាប់ចេញមុខធានា ដោះស្រាយកន្លងទៅដែរ ប៉ុន្តែគាត់គិតថា ទំហំសមល្មមនឹងដោះស្រាយបាន ទើបចេញមុខជួសប្អូនស្រី ប៉ុន្តែពេលនេះគាត់ហាក់អស់លទ្ធភាព និងលែងគិតគូពីមុខមាត់កិត្តិយសដូចពេលមុន។

ប្រភពបន្តថា ដាលីស ដើមចមដែលធ្វើឲ្យនាងជំពាក់ប្រាក់គេរុំកោះបែបនេះ ដោយសារនាងនាងបានរកស៊ីលើវិស័យអនឡាញ ទិញទំនិញមួយចំនួនហើយត្រូវបានគេបោក និងស្របពេលជំងឺកូវីដ-១៩ ធ្វើឲ្យនាងខាតបង់ប្រាក់ច្រើន ទើបនាងត្រូវស្វែងរកលុយគ្រប់ច្រក ដែលអាចរកបាន ដើម្បីបណ្តោះសងគេ ខណៈដែលទំហំលុយដើមឡើយមិនច្រើនទេ ប៉ុន្តែនាងបានយកលុយបង្វិលពីអ្នកចងការប្រាក់ ដែលពេលខ្លះ នាងក៏ហ៊ានឲ្យការប្រាក់ខ្ពស់ រហូតមានអ្នកជិតស្និទ្ធនាងជាច្រើន បានជឿទុកចិត្តនាងដោយបានទាំងធានាខ្ចីប្រាក់គេ មកឲ្យនាងក៏ត្រូវវ័ណ្ឌករ រួមជាមួយនាងផងដែរ។

យ៉ាងណាមិញ ជុំវិញបញ្ហានេះ Fresh News Plus បានព្យាយាមទាក់ទងទៅកញ្ញា អ៊ឹម ដាលីស ផ្ទាល់ ដើម្បីឲ្យនាងឆ្លើយបំភ្លឺពីបញ្ហានេះ តែគ្មានការឆ្លើយតបឡើយ ខណៈទូរស័ព្ទចូលជាច្រើនលើក។ Fresh News Plus នឹងព្យាយាមទាក់ទងទៅ អ៊ឹម ដាលីស បន្តទៀត ដើម្បីឲ្យប្រិយមិត្តបានជ្រាបព័ត៌មានកាន់តែច្បាស់៕