(ស៊ីដនី)៖ ក្រុមហ៊ុន Google បាននិយាយបែកគំរាមថា ខ្លួននឹងបិទកម្មវិធី Google Search នៅក្នុងប្រទេសអូស្ត្រាលី បើសិនជា រដ្ឋាភិបាលនៃប្រទេសនេះចេញច្បាប់ថ្មី និងបង្ខំឱ្យខ្លួនបង់ប្រាក់ទៅឱ្យប្រព័ន្ធផ្សាព្វផ្សាយ និងស្ថាប័នព័ត៌មាន ដើម្បីទទួលបានសិទ្ធិ ប្រើ ប្រាស់មាតិការបស់ពួកគេ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Google បានព្រមាន ថា អ្នកប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលីចំនួន ១៩លាននាក់ នឹងប្រឈមមុខនៅនឹងការ ស្វែងរកមាតិកាផ្សេងៗនៅលើ Google Search និង YouTube ព្រោះខ្លួនអាចនឹងបិទមុខងារ Search សម្រាប់ប្រទេសនេះ។

ការចេញផ្សាយគំរាមបែបនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលអូស្ត្រាលីមានគម្រោងចេញច្បាប់ថ្មី ដោយតម្រូវឱ្យក្រុមហ៊ុន បច្ចេកវិទ្យាបរទេសផ្សេងៗដូចជា Gogole និង Facebook ត្រូវបង់ប្រាក់ដើម្បីទទួលបានសិទ្ធិប្រើប្រាស់មាតិការបស់ក្រុមហ៊ុន និងស្ថាប័ន ព័ត៌មាន។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលអូស្ត្រាលីពិតជាមានគម្រោងតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាបង់ប្រាក់សម្រាប់ការចែករំលែកមាតិកាព័ត៌មានរបស់អង្គភាពព័ត៌មាន ដើម្បីជាការដោះដូរ ដោយក្នុងនោះក៏បានបញ្ជាក់ផងដែរថា វាមិនមែនតម្រូវឱ្យបង់ប្រាក់ ទាំងអស់ នោះទេ គឺវាអាស្រ័យលើការចរចាជាក់ស្ដែងរវាងក្រុមហ៊ុន Google និងស្ថាប័ន ឬអង្គភាពព័ត៌មាន៕