(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលផ្តល់សេវាធនាគារចល័តឈានមុខគេ នៅកម្ពុជា កំពុងពង្រីកប្រតិបត្តិការផ្ទេរប្រាក់ ចូលមកកម្ពុជា ដោយសហការជាមួយ Ria ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសឈានមុខគេនៅលើពិភពលោក ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Euronet Worldwide, Inc. (NASDAQ: EEFT) ផងដែរ។

ឥឡូវនេះ អតិថិជនទាំងឡាយអាចប្រើប្រាស់សេវា Ria ដើម្បីផ្ញើប្រាក់មកកម្ពុជា ហើយអ្នកទទួលអាចដកប្រាក់ តាមរយៈភ្នាក់ងារវីង ដែលមានស្លាកយីហោ Ria បានយ៉ាងងាយស្រួល ដោយមិនអស់ថ្លៃសេវាឡើយ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានថ្លែងថា «យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការផ្តល់ជូននូវជម្រើស កាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា ដែលកំពុងប្រកបការងារនៅក្រៅប្រទេស។ ពួកគេគួរតែអាចផ្ញើប្រាក់ ដែលរកបានដោយលំបាកមកក្រុមគ្រួសារ របស់ពួកគេនៅស្រុកកំណើត ដោយមិនមានឧបសគ្គ អ្វីទាំងអស់ បើទោះបីជានៅតំបន់ដាច់ស្រយ៉ាលយ៉ាងណាក្តី ដើម្បីដោះស្រាយតម្រូវការប្រចាំថ្ងៃ ក៏ដូចជាតម្រូវការនានា ក្នុងគ្រាមានអាសន្នផងដែរ។ សេវាផ្ទេរប្រាក់របស់យើងលឿនបំផុត»

លោក ម៉ានូ បានបន្តថា «ភាពជាដៃគូនេះ បានច្របាច់បញ្ចូលនូវបណ្តាញនៃស្ថាប័នយើងទាំងពីរ ដោយផ្សារភ្ជាប់អតិថិជននៅជុំវិញពិភពលោក»

Ria ជាក្រុមហ៊ុនផ្ទេរប្រាក់ ឆ្លងប្រទេសឈានមុខគេ នៅលើពិភពលោក ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៨៧ និងមានទីស្នាក់ការកណ្តាល នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ សព្វថ្ងៃ Ria ផ្តល់សេវាជាង៤៤៧ ០០០កន្លែង ដែលស្ថិតនៅជាង១៦០ប្រទេស ដោយរួមមាន៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ថៃ ហ្វីលីពីន ចិន ម៉ាឡេស៊ី អូស្ត្រាលី ឥណ្ឌា និងវៀតណាមជាដើម។ Ria ធ្វើឲ្យពិភពលោកកាន់តែរួមតូច ដោយផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ពួកគេ តាមរយៈការផ្ទេរប្រាក់កំរិតពិភពលោក។

លោក Espen Kristensen នាយកគ្រប់គ្រង APAC របស់ Ria បានថ្លែងថា «យើងពិតជារីករាយ ដែលបានសម្ពោធជាផ្លូវការ នូវភាពជាដៃគូជាមួយវីង។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងនឹងផ្តល់សេវាផ្ទេប្រាក់ កាន់តែល្អប្រសើរ ដល់អតិថិជនដែលកំពុងមានតំរូវការខ្លាំង និងទៅគ្រប់ទីកន្លែងដែលចាំបាច់ ដោយឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាព»

អ្នកទទួលប្រាក់នៅកម្ពុជា គ្រាន់តែតម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬប័ណ្ណបើកបរច្បាប់ដើម ជាមួយលេខកូដ១១ខ្ទង់ ដែលទទួលបានពីអ្នកផ្ញើប្រាក់។ ជាមួយឯកសារណាមួយ ក្នុងចំណោមឯកសារទាំងនេះ ពួកគេអាចបំពេញព័ត៌មាន ជាមួយឯកសារដែលភ្នាក់ងារវីងចែកជូន ហើយពួកគេអាចដកប្រាក់ ជាមួយភ្នាក់ងារវីង ជាង៤០០០កន្លែង ដែលមានស្លាកយីហោ Ria។

យោងតាមការចេញផ្សាយ របស់ធនាគារជាតិនៃកម្ពុជា ប្រជាជនចំណាកស្រុក បានផ្ញើប្រាក់មកកម្ពុជា ប្រមាណ១,៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៨ ហើយ៥៣លានដុល្លារ បានផ្ញើមកពីប្រទេសកូរ៉េខាងត្បូង៕