(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានប្រសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) សហគ្រិនខ្មែរ (Khmer Enterprise) និងមជ្ឈមណ្ឌល Stanford សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ (Stanford Center for Professional Development) នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលស្ដីពី «ភាពជាអ្នកដឹកនាំសម័យឌីជីថល និងការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា» ដើម្បីអភិវឌ្ឍជំនាញសំខាន់ៗ ស្របតាមការប្រែប្រួលនៃបច្ចេកវិទ្យាឌីជីថល សម្រាប់មន្ត្រីរាជការ និងថ្នាក់ដឹកនាំមកពីវិស័យឯកជន ចំនួន១០០នាក់។

កម្មវិធីបណ្តុះបណ្តាលនេះ នឹងសិក្សាតាមប្រព័ន្ធអនឡាញ ដោយប្រើកម្មវិធីសិក្សារបស់ «មជ្ឈមណ្ឌល Stanford សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ» នៃសាកលវិទ្យាល័យស្ទែនហ្វដ (Stanford University) ដែលជាសាកលវិទ្យាល័យឈានមុខលំដាប់ទី២ លើសកលលោក។

អ្នកចូលរួម នឹងសិក្សាពីកត្តាគន្លឹះជំរុញការផ្លាស់ប្តូរឌីជីថល ជំនាញចាំបាច់ និងយុទ្ធសាស្ត្រ ដ៏មានប្រសិទ្ធិភាពសម្រាប់អនុវត្តការងារ និងគ្រប់គ្រងនៅក្នុងអង្គភាព ប្រកបដោយភាពច្នៃប្រឌិត។ តាមរយៈគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការគាំទ្រ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្មវិធីនេះ មានគោលដៅ អភិវឌ្ឍបន្ថែមជំនាញភាពជាអ្នកថ្នាក់ដឹកនាំ ដើម្បីជំរុញនិងគាំទ្រដល់ការអនុវត្តគោលនយោបាយឌីជីថល និងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

ដើម្បីសម្រួល ដល់ការរៀបចំដំណើរការកម្មវិធីប្រកបដោយប្រសិទ្ធភាព សហគ្រិនខ្មែរ នឹងជួយសម្របសម្រួលកំណត់សមាសភាព អ្នកចូលរួមសក្ដានុពលមកពីវិស័យសាធារណៈ និងវិស័យឯកជន ហើយសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ នឹងសម្របសម្រួលការសិក្សា។

កម្មវិធីនេះ នឹងត្រូវបានរៀបចំនៅរាជធានីភ្នំពេញ ដោយមានការគាំទ្រពីមជ្ឈមណ្ឌល AUPP សម្រាប់ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍវិជ្ជាជីវៈ (CLPD) ដែលដឹកនាំដោយលោកបណ្ឌិត Guido Gianasso និង សហគ្រិនខ្មែរ ដែលដឹកនាំដោយបណ្ឌិត ឈៀង វណ្ណមុនិណ្ណ៕