(មេនឆេស្ទើ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Kevin de Bruyne នឹងអវត្តមានយ៉ាងហោចណាស់ចាប់ពី ៤ទៅ៦សប្តាហ៍ ដែលស្មើនឹង ១០ប្រកួតរបស់ក្លិបមេឃខៀវ Manchester City ដោយសាររងរបួសសរសៃពួរជើងនៅអំឡុងប្រកួតឈ្នះ Aston Villa ២-០ កាលពីរាត្រីថ្ងៃពុធនៅ Premier League។

អ្នកចាត់ការទូទៅ Man City លោក Pep Guardiola បានថ្លែងប្រាប់ BBC ថា កីឡាករនិម្មិតប៊ែលហ្សិក វ័យ ២៩ឆ្នាំ De Bruyne នឹងខកខាន ១០ប្រកួតជាមួយក្រុមពោលគឺចាប់ពីថ្ងៃសៅរ៍នេះ នៅពេល Man City ត្រូវប្រកួតទល់នឹងក្រុម Cheltenham ក្នុងជុំទី៤ នៃពានរង្វាន់ FA Cup និងជំនួបធំ UEFA Champions League ជើងទី១ នៃវគ្គ ១៦ក្រុមផងដែរដែលនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ទល់នឹងក្រុម Borussia Monchengladbach របស់អាល្លឹម៉ង់ទៀតផង។

ក្រុមរងជើងឯកនៅ Premier League រដូវកាលមុនមួយនេះ ពុំទាន់ចាញ់ការប្រកួតណាមួយឡើយ ក្នុងចំណោម ១៦ប្រកួតចុងក្រោយនេះ ដោយរកបានជ័យជម្នះ ៩ប្រកួតក្នុងលីគបន្តឈរនៅលេខរៀងទី២ តាមពីក្រោយក្រុមកំពូលតារាង Manchester United ២ពិន្ទុ ប៉ុន្តែនៅសល់ ១ប្រកួតក្នុងដៃ។

ក្រោយពីខកខានប្រកួតទល់នឹងក្រុម Cheltenham Town នៅ FA Cup រាត្រីនេះ De Bruyne ក៏នឹងបន្តអវត្តមាននៅ Premier League ពេល Man City ប៉ះក្រុម West Brom, Sheffield United និង Burnley មុនពេលប៉ះក្រុមខ្លាំង Liverpool នៅ Anfield និង Tottenham Hotspur នៅ ៦ថ្ងៃបន្ទាប់ទៀតផង៕