(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្វវ័យក្មេង Kylian Mbappe រកបាន ២គ្រាប់ក្នុងជ័យជម្នះ ៤-០ ទៅលើក្រុមភ្ញៀវ Montpellier នៅពេលកីឡាករចាំទី Jonas Omlin ត្រូវបានពិន័យកាតក្រហមក្នុងជំនួបដែលត្រូវបានធ្វើឡើងនៅរាត្រីថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។

២គ្រាប់បន្ថែមបានធ្វើឲ្យកីឡាករបារាំង Mbappe រកបាន ១៤គ្រាប់ឲ្យ PSG ក្នុងក្របខណ្ឌ Ligue 1 របស់បារាំងនារដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ នេះ។

នៅនាទី៣៤ ជាពេលដែល Mbappe រកបានគ្រាប់ទី១ បែកពងមាន់ នៅក្រោយពេល Jonas Omlin ត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលាន Parc des Princes តាំងពីនាទី១៩ មក ដោយសារបង្កកំហុសទៅលើ Mbappe នៅក្រៅប្រអប់គ្រោះថ្នាក់ ដែលធ្វើឲ្យក្រុមការពារតំណែងជើងឯកសម្រុកដូចទឹកបាក់ទំនប់ដោយត្រឹម ៤នាទី រកបាន ៣គ្រាប់ផងដែរ។

Neymar និង Mauro Icardi ក៏ចូលរួមរកបានម្នាក់ ១គ្រាប់ដូចគ្នាផងដែរនៅនាទី៦០ និងនាទី៦១ នៅមុនពេល Mbappe ធ្វើបានសម្រេចគ្រាប់ទី២ របស់គេនៅនាទី៦៣ ដើម្បីជួយ PSG នាំមុខកំពូលតារាង Ligue 1 ៣ពិន្ទុវិញពីពិន្ទុសរុប ៤៥ពិន្ទុនៅពេលក្រុមលេខ២ Lyon មានតែ ៤២ពិន្ទុគិតត្រឹម ២១សប្តាហ៍មកនេះ គ្រាដែល Lyon នៅសល់ ១ប្រកួតក្នុងដៃ៕