(អាមេរិក)៖ កំពូលមហាសេដ្ឋីលំដាប់ពិភពលោក Elon Musk ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិគិតជាប្រាក់មានចំនួន ១៨៤ពាន់លាន ដុល្លារ (យោងតាមទស្សនាវដ្ដី Forbes នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១) ដែលទ្រព្បសម្បត្តិទាំងនេះ ភាគច្រើនបានមកពីក្រុមហ៊ុន Tesla និង SpaceX។

តើលោកអ្នកមានដឹងទេថា មុនពេលលោក Elon Musk សម្រេចចិត្តបង្កើតក្រុមហ៊ុន SpaceX លោកមានលុយប៉ុន្មាន?

នៅឆ្នាំ ១៩៩៥ លោក Elon Musk បានចូលរៀននៅសកលវិទ្យា Stanford University ក្នុង California សហរដ្ឋអាមេរិក ប៉ុន្តែលោក បានព្យួរការសិក្សា បន្ទាប់ពីបានចូលរៀនតែ២ថ្ងៃប៉ុណ្ណោះ។ ការព្យួរការសិក្សានេះ មូលហេតុចម្បងគឺលោកបានសម្រេចចិត្ត បង្កើត ក្រុមហ៊ុនអ៊ីនធើណែតថ្មីមួយ។

ក្រុមហ៊ុនដំបូងគេដែលលោកបានសម្រេចចិត្តបង្កើតនោះមានឈ្មោះថា Zip2 ដោយបានសហការជាមួយនឹងប្អូនប្រុសរបស់លោកគឺ Kimbal និងដៃគូម្នាក់ទៀតឈ្មោះ Greg Kouri ដែលវាជាក្រុមហ៊ុនផ្ដល់សេវាកម្មខាងផ្នែក កម្មវិធីវេបសាយ។ ដើម្បី បង្កើត ក្រុមហ៊ុនមួយនេះបាន លោក Musk ត្រូវស្វែងរកថវិកា ដោយក្នុងនោះលោកប្រមូលបានពីសំណាក់អ្នកវិនិយោគលាក់មុខ ឬជាលុយ ដែល គេនិយមហៅថា «លុយធ្លាក់ពីលើមេឃ» ប៉ុន្តែមិនដឹងថាមានចំនួនប៉ុន្មាននោះទេ។

នៅខែកុម្ភៈ ឆ្នាំ១៩៩៩ ក្រុមហ៊ុន Compaq ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយរបស់អាមេរិក បានចំណាយលុយជាប្រាក់សុទ្ធ ៣០៧លានដុល្លារអាមេរិក ទិញយកក្រុមហ៊ុន Zip2 ដោយក្នុងនោះលោក Musk ទទួលបានប្រាក់សុទ្ធ ២២លានដុល្លារអាមេរិក ព្រោះលោក មានភាគហ៊ុនត្រឹមតែ ៧ភាគរយប៉ុណ្ណោះនៅក្នុងក្រុមហ៊ុន Zip2 ។

នៅខែមីនា ឆ្នាំ១៩៩៩ ពោលគឺមួយខែក្រោយពីលក់ក្រុមហ៊ុន Zip2 , លោក Elon Musk បានបង្កើតក្រុមហ៊ុនថ្មីមួយទៀតដែលមាន ឈ្មោះថា X.com ជាមួយលោក Greg Kouri ដោយក្នុងនោះលោក Elon Musk បានចំណាយលុយ ១០លានដុល្លារ ដែល បាន មកពីការលក់ Zip2 ដើម្បីបង្កើត X.com ឡើង។

X.com គឺជាធនាគារអនឡាញដំបូងគេបំផុតនៅលើពិភពលោក ដោយផ្ដល់សេវាកម្មហិរញ្ញវត្ថុតាមអ៊ីនធើណែត និង E-mail payment ហើយមួយឆ្នាំបន្ទាប់ ក៏ច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Confinity ដោយបានបង្កើតជាក្រុមហ៊ុនថ្មីមួយមានឈ្មោះថា PayPal។ នៅឆ្នាំ ២០០២ ក្រុមហ៊ុន eBay ដែលជាក្រុមហ៊ុនលក់ទំនិញយក្សមួយរបស់អាមេរិក បានសម្រេចចិត្តទិញ ក្រុមហ៊ុន PayPal ក្នុងតម្លៃ ១.៥ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះលោក Musk ទទួលបាន ១៦៥លានដុល្លារអាមេរិក។

បន្ទាប់ពីនោះ លោក Elon Musk បានសម្រេចចិត្តបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Space Exploration Technologies Corp ឬហៅកាត់ថា SpaceX និងបានចូលឈានជើងចូលក្នុងក្រុមហ៊ុន Tesla នៅឆ្នាំ២០០៤ ក្នុងនាមជា ប្រធានក្រុមប្រឹក្សាភិបាល និង កាន់តំណែងជានាយកប្រតិបត្តិនៅឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ន៕