(សៀមរាប)៖ វគ្គបណ្តុះបណ្តាលបច្ចេកទេស ស្នងការរៀបចំការប្រកួត កីឡាទោចក្រយាន កម្រិតមូលដ្ឋាន ត្រូវបានបិទបញ្ចប់ដោយជោគជ័យ និងប្រកបដោយផ្លែផ្កាគួរជាទីមោទនភាព នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមជាគ្រូបង្វឹក និងមន្ដ្រីបច្ចេកទេស ៣០នាក់មកពីសមាគម/ក្លិប ៥រាជធានី-ខេត្តចូលរួម ហើយលោកបានចាត់ទុកវគ្គបណ្ដុះបណ្ដាលនេះ គឺជាវគ្គដ៏សំខាន់ ក្នុងគោលបំណងអភិវឌ្ឍធនធានមន្ដ្រីបច្ចេកទេស សម្រាប់រៀបចំការប្រកួត ដោយគោរពតាមស្ដង់ដារសហព័ន្ធកីឡាទោចក្រយានអន្ដរជាតិ ដើម្បីបាញ់ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនៅខេត្តសៀមរាប លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដែលទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស ស្នងការរៀបចំការប្រកួតកីឡាទោចក្រយាន កម្រិតមូលដ្ឋានដ៏មហោឡារិកនេះ និងបានកោតសរសើរចំពោះប្រតិភូដឹកនាំក្រុមកីឡាទោចក្រយានតាមបណ្តាខេត្ត និងក្រុងទាំងអស់ ដែលបានមកចូលរួមរៀនវគ្គបណ្តុះបណ្តាលខាងលើប្រកបដោយការយកចិត្តទុកដាក់ និងស្មារតី មិត្តភាព សាមគ្គីភាព ការយោគយល់គ្នា។

លោកប្រធានបានគូសបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ មានរយៈពេល០៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ លោកលើកឡើងថា វគ្គបណ្តុះបណ្តាលនេះបានធ្វើឲ្យមន្ត្រីគណៈកម្មការបច្ចេកទេសយើង បានយល់ដឹងអំពីបច្ចេកទេសក្នុងរៀបចំការប្រកួតកីឡាទោចក្រយាន ដើម្បីត្រៀមចូលរួមរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នាថ្ងៃស្អែកនេះ។

ទន្ទឹមនឹងនេះដែរ លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ ចំពោះគ្រូឧទ្ទេស និងមន្រ្តីរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប និងសហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

លោក ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់ថា តាមរយៈការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសន្តិភាពពេញលេញ ហើយត្រូវបានអន្តរជាតិទទួលស្គាល់ថា មានការផ្លាស់ប្ដូរយ៉ាងល្អប្រសើរទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ធ្វើឱ្យកម្ពុជា ទទួលបាននូវកាលានុវត្តថ្មីៗ ពុំធ្លាប់មានសម្រាប់ការងារកែទម្រង់ស៊ីជម្រៅ ការពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ច ព្រមទាំងទទួលបាននូវទំនុកចិត្តឱ្យទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ ខាងមុខនេះ៕