(បរទេស)៖ នៅសហរដ្ឋអាមេរិកមានច្បាប់សហព័ន្ធមួយបង្កើតឡើងកាលពីឆ្នាំ១៩៥៨ ដែលផ្តល់អត្ថប្រយោជន៍មួយចំនួនមានសុពលភាពពេញមួយជីវិត សម្រាប់អតីតប្រធានាធិបតីអាមេរិក ក្នុងករណីដែលអតីតប្រធានាធិបតីទាំងនោះ មិនត្រូវបានទម្លាក់ចេញពីអំណាចមុនចប់អាណត្តិដោយសភា អត្ថប្រយោជន៍ទាំងនោះរួមមានដូចជា៖

* ប្រាក់សោធននិវត្តន៍

នៅក្រោមច្បាប់ហៅថា Former Presidents Act អតីតប្រធានាធិបតីអាមេរិកមានសិទ្ធិទទួលបានប្រាក់សោធននិវត្តន៍។ នៅពេលច្បាប់នេះបង្កើតឡើងដំបូង ចំនួនទឹកប្រាក់ដែលអតីតមេដឹកនាំអាមេរិកទទួលបានគឺ ២៥,០០០ដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែឥឡូវគឺគិតត្រឹមឆ្នាំ២០២០ ប្រាក់សោធននិវត្តន៍សម្រាប់អតីតប្រធានាធិបតីអាមេរិក មានចំនួនប្រហែល ២១៩,០០០ដុល្លារក្នុងមួយឆ្នាំ។

* ការិយាល័យនិងបុគ្គលិកបម្រើការ

ច្បាប់ Former Presidents Act ក៏ផ្តល់ការផ្គត់ផ្គង់ការិយាល័យធ្វើការ និងបុគ្គលិកសម្រាប់អតីតប្រធានាធិបតីអាមេរិកផងដែរ។ អតីតមេដឹកនាំអាមេរិកអាចទទួលបានកញ្ចប់ថវិកាចំនួន ១៥០,០០០ដុល្លារក្នុងមួយឆ្នាំ អំឡុងរយៈពេល៣០ខែដំបូងក្រោយចប់អាណត្តិ សម្រាប់ការប្រើប្រាស់ក្នុងគោលបំណងខាងលើ ហើយផុតពីរយៈពេលនេះថវិកានឹងត្រូវបន្ថយមកនៅ ៩៦,០០០ដុល្លារក្នុងមួយឆ្នាំវិញ។

* ប្រាក់ចិញ្ចឹមភរិយា

ក្នុងករណីដែលអតីតប្រធានាធិបតីទទួលមរណភាពមុនអតីតជំទាវទី១ (ភរិយា) នោះភរិយាលោកមានសិទ្ធិទទួលបានរបបប្រាក់ប្រមាណជា ២០,០០០ដុល្លារក្នុងមួយឆ្នាំ (គិតត្រឹមឆ្នាំ២០២០) ប្រសិនបើភរិយាលោកមិនរៀបការម្តងទៀត មុនឈានដល់វ័យ៦០ឆ្នាំទេនោះ។ មួយទៀតប្រសិនបើអ្នកទាំងពីរលែងលះគ្នា ខាងភរិយានឹងមិនទទួលបានរបបប្រាក់នេះឡើយ ពេលស្វាមីលាចាកលោក។ ដោយឡែកប្រសិនបើលោករៀបការភរិយាថ្មី នោះភរិយាថ្មីអាចនឹងមានសិទ្ធិទទួលបានថវិកានេះ ពេលលោកទទួលមរណភាព។

* ការការពារសន្តិសុខ

ទោះបីអស់អំណាចក៏ដោយ អតីតប្រធានាធីបតីអាមេរិកទាំងឡាយ នៅតែអាចបន្តទទួលបានការការពារសុវត្ថិភាពផ្ទាល់ខ្លួន ពីសំណាក់ក្រុមអង្គរក្ស Secret Service។ ការការពារនេះផ្តល់ជូនទាំងអតីតប្រធានាធិបតីផ្ទាល់ រួមនិងភរិយាព្រមទាំងកូនដែលមានវ័យក្រោម១៦ឆ្នាំ។ កន្លងទៅ ធ្លាប់មានការផ្លាស់ប្តូរក្នុងច្បាប់ Former Presidents Act ដែលកំណត់រយៈពេលនៃការការពារនេះគឺ១០ឆ្នាំ ប៉ុន្តែកាលពីឆ្នាំ២០១២ លោក បារ៉ាក់ អូបាម៉ា បានកែប្រែឲ្យទៅដូចដើមវិញ គឺផ្តល់ការការពារពេញមួយជីវិត។

យ៉ាងណាមិញ អតីតប្រធានាធីបតីអាមេរិកបានជ្រើសរើសមិនទទួលយកការការពារពីក្រុម Secret Service បាន។ ជាមួយជម្រើសនេះវិញ ពួកគេនឹងអាចទទួលបានថវិការហូតដល់ ១,០០០,០០០ដុល្លារក្នុងមួយឆ្នាំ ហើយខាងភរិយាអាចទទួលបានដល់ ៥០០,០០០ដុល្លារក្នុងមួយឆ្នាំ សម្រាប់ការចំណាយផ្សេងៗពាក់ព័ន្ធនឹងសន្តិសុខនិងការធ្វើដំណើរ។ មកទល់ពេលនេះ មានអតីតប្រធានាធិបតីអាមេរិកតែម្នាក់គត់គឺលោក រីឆាដ និចសុន (Richard Nixon) ដែលបានសម្រេចលែងទទួលការការពារពីក្រុម Secret Service កាលពីឆ្នាំ១៩៨៥។

* ការទទួលបានរបាយការណ៍ពត៌មានសម្ងាត់ផ្សេងៗ

បើតាមទម្លាប់ អតីតប្រធានាធិបតីអាមេរិក តែងទទួលបានរបាយការណ៍ស្តីពីពត៌មានសម្ងាត់ផ្សេងៗ ដើម្បីផ្តល់ឱកាសឲ្យអតីតមេដឹកនាំទាំងនេះ បន្តចូលរួមពាក់ព័ន្ធក្នុងការលើកកម្ពស់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ ការបន្តទទួលបានព័ត៌មានសម្ងាត់បែបនេះ គឺមិនមែនព្រោះតែច្បាប់ Former Presidents Act ទេ ប៉ុន្តែវាជាទង្វើគួរសមមួយដែលប្រធានាធិបតីកាន់អំណាច ដែលផ្តល់ឲ្យប្រធានាធិបតីមុនៗ ហើយប្រធានាធិបតីកាន់អំណាចក៏អាចសម្រេចមិនឲ្យ អតីតប្រធានាធិបតីណាម្នាក់លែងទទួលបានព័ត៌មានសម្ងាត់ផងដែរ។

គួរបញ្ជាក់ថា នៅពេលច្បាប់ Former Presidents Act ចូលជាធរមានជាលើកដំបូងកាលពីឆ្នាំ១៩៥៨ មានអតីតប្រធានាធីបតីអាមេរិក២នាក់ ដែលនៅមានជីវិតគឺលោក ហឺបឺត ហ៊ូវើ (Herbert Hoover) និងលោក ហារី ទ្រូមែន (Harry Truman)។ ចំណែកលោក ដ្វាយ អ៉ីសិនហូវើ (Dwight Eisenhower) គឺជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវទទួលបានអត្ថប្រយោជន៍ទាំងឡាយក្រោមច្បាប់នេះ ក្រោយពេលចាកចេញពីសេតវិមាន៕