(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ត្រូវបានប្រកាសបើកការប្រកួតជាផ្លូវការ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន។

ពិធីនេះក៏មានការចូលរួពីលោក ពៅ ពិសិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំ ជាមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម មន្ត្រីរាជការ អាជ្ញាធម៌ខេត្តសៀមរាប ក្រុមម៉ូតូBMW កីឡាករ-កីឡាការិនី និងភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិជាច្រើនរូប។

ថ្លែងក្នុងឱកាសបើកការប្រកួតនេះ លោកប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានណែនាំកីឡាករ-កីឡាការិនីទាំងអស់ត្រូវឈរលើស្មារតីកីឡា ដើម្បី សុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផលបច្ចេកទេស និងត្រូវមានការយោគយល់គ្នា គោរពបានត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ មិនគិតតែពីការយកឈ្នះ-ចាញ់ឡើយ។

លោក ប៉ាន សូរស័ក្តិ ក៏បានស្នើដល់មន្រ្តីគណៈកម្មការបច្ចេកទេសសហព័ន្ធខ្មែរកីឡាទោចក្រយាន ត្រូវខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត ជូនដល់កីឡាករ-កីឡាការិនី ប្រកបដោយភាពយុតិ្តធម៌ មិនលម្អៀង និងគោរពបានតាមបទបញ្ជាបច្ចេកទេស នៃការប្រកួតធ្វើឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជាផ្លែផ្កា។

ឆ្លៀតក្នុងឱកាសនោះ លោលប្រធានសហព័ន្ធ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូដឹកនាំក្រុមកីឡា ទោចក្រយានទាំងអស់ក្នុងកិច្ទសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយាននេះប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាព និងគុណភាព ជាពិសេសអាជ្ញាធរខេត្តសៀមរាប ដែលបានសហការគ្នាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ប្រកួតខាងលើប្រកបដោយស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ដែលញុំាងឱ្យកម្មវិធីនេះ ទទួលបានកីឡាករ-កីឡាការិនី ចូលរួមបានយ៉ាងច្រើនកុះករ។

លោកប្រធានបានបញ្ជាក់ថា នៅសល់ការប្រកួតជើងឯកថ្នាក់ជាតិត្រឹមតែ២ដងទៀត និងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាម មួយទៀត នឹងដល់ពេលប្រទេសយើងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមហើយ ហើយស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ចំនួនពីរគឺ៖ ទី១ ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំឱ្យបានល្អ ទោះមិនបានឈ្នះមេដាយ ឬឈ្នះមេដាយតិចក្តី និងទី២ ការឈ្នះមេដាយគឺត្រឹមត្រូវយុត្តិធម៌ មិនត្រូវចង់ឈ្នះមេដាយដោយរំលោភបំពានច្បាប់ ឬលក្ខន្តិកៈនៃការប្រកួតឡើយ។

សូមជម្រាបជូនថា ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍវិស័យកីឡាជាតិឆ្ពោះទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធខ្មែរកីឡាទោចក្រយាន សហការជាមួយសាលាខេត្តសៀមរាប បានរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមប្រចាំឆ្នាំ សម្រាប់ហ្វឹកហាត់បំប៉នសមត្ថភាព ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម និងការប្រកួតអន្តរជាតិនានា៕