(អេស៊ូល)៖ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង LG បានប្រកាសឱ្យដឹងថា ខ្លួនកំពុងតែពិចារណាទៅលើ ចំណុច ៣ ពាក់ព័ន្ធ នឹង អាជីវកម្មទូរស័ព្ទចល័ត ដោយក្នុងនោះទី១ គឺលក់អាជីវកម្ម ទី២ដកខ្លួន និងទី៣ គឺកាត់បន្ថយសង្វាក់ផលិតកម្ម ដោយឡែកនៅពេលនេះ មានព័ត៌មានថ្មីមកថា ក្រុមហ៊ុន LG គ្រោងលក់អាជីវកម្មទូរស័ព្ទចល័តទៅឱ្យក្រុមហ៊ុនវៀតណាម។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Korea Times នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Vingroup របស់ វៀតណាម បានចាប់អារម្មណ៍ និងចង់ទិញអាជីវកម្មទូរស័ព្ទចល័តរបស់ក្រុមហ៊ុន LG ដើម្បីយកមកពង្រីកទីផ្សារទូរស័ព្ទរបស់ខ្លួន ទៅ ក្រៅ ប្រទេស ដោយក្នុងនោះចង់ទិញយកទាំងរោងចក្រថែមទៀតផង។

ប្រភពព័ត៌មានជិតស្និទ្ធបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន Vingroup ដែលជាដៃគូសហការជាមួយនឹង LG ជាច្រើនឆ្នាំមកហើយនោះ មាន បំណងទិញយកអាជីវកម្មទូរស័ព្ទរបស់ LG រួមទាំងរោងចក្រ ដើម្បីពង្រីកទីផ្សារ ប៉ុន្តែមានព័ត៌មានខ្លះថា ទិញយកតែអាជីវកម្មទូរស័ព្ទចល័តនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ មានន័យថា មិនទិញយកទាំងមូលនោះទេ។

Vingroup គឺជាក្រុមហ៊ុនយក្សមួយរបស់វៀតណាម ដែលគិតត្រឹមចុងឆ្នាំ២០២០ ក្រុមហ៊ុនមួយនេះមានតម្លៃនៅលើទីផ្សាររហូតដល់ ១៦.៥ពាន់លានដុល្លារ ដោយរកស៊ីទៅលើមុខរបរផ្សេងៗដូចជា សណ្ឋាគារ ទេសចរណ៍ អចលនទ្រព្យ តំណាងចែកចាយ សាងសង់ រថយន្ត និងទូរស័ព្ទ។

ក្រុមហ៊ុន Vingroup បានសហការជាមួយក្រុមហ៊ុន LG ក្នុងការផលិតទូរស័ព្ទជាប្រភេទ ODM មានន័យថា ជាទូរស័ព្ទមានរូបរាង និង ទម្រង់ដើមពីក្រុមហ៊ុន តែប្រើប្រាស់ស្លាកសញ្ញា ឬឈ្មោះក្រុមហ៊ុនដទៃ ដោយក្នុងនោះ Vingroup បានឈរនៅលេខរៀងទី៣ ជា ក្រុមហ៊ុន ផលិតទូរស័ព្ទដៃធំជាងគេបំផុត បន្ទាប់ពី Samsung និង Oppo។

គួរបញ្ជាក់ផងដែរថា រយៈពេល ៥ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន LG បានខាតបង់ប្រាក់ប្រមាណ ៤.៥ពាន់លានដុល្លារអាមេរិក ដោយសារ អាជីវកម្មទូរស័ព្ទចល័ត ដូច្នេះហើយក្រុមហ៊ុនមានគម្រោងធ្វើការផ្លាស់ប្ដូរ គោលការណ៍ ដោយបានដាក់ចេញនូវវិធានការ ៣ចំណុច ទី១ លក់អាជីវកម្មទូរស័ព្ទចល័ត ទី២ដកខ្លួន និងទី៣គឺកាត់បន្ថយសង្កាក់ផលិតកម្ម៕