(ភ្នំពេញ)៖ លោក សុខ ដែន ត្រូវបានគេដឹងថា ជាតារាប្រុសពហុជំនាញមួយរូប ដែលមានជំនាញផ្នែកសិល្បៈច្រើន ជាអ្នកផលិតផង ជាតារាចម្រៀងផង ជាតារាសម្តែង និងជាគ្រូក្បាច់គុនផង។ អ្វីដែលទស្សនិកជនសង្កេតឃើញនោះ គឺមួយរយៈចុងក្រោយនេះ លោកហាក់ស្ងប់ស្ងាត់ពីវិស័យសិល្បៈយ៉ាងខ្លាំង ខណៈលោក សុខ ដែន ផ្ទាល់បានទម្លាយថា ដោយសារតែការវាយលុយចូលនៃជំងឺកូវីដ១៩ ទើបគ្មានមានផលិតករណាហៅទៅសម្តែងទេ ខណៈការងារផ្ទាល់ខ្លួនខាងក្រៅសិល្បៈវិញ ក៏ខាតបង់អស់រាប់ពាន់ដុល្លារ។

លោក សុខ ដែន ថ្លែងបែបនេះ គឺតាមរយៈចូលរួមជាតារាកិត្តិយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News។ លោក សុខ ដែន បានថ្លែងឲ្យដឹងថា តាំងពីប្រឡូកក្នុងវិស័យសិល្បៈមកមានភាពយន្តជិត ១០០រឿងហើយ ដែលលោកបានចូលរួមសម្តែង ក្នុងនោះចាប់ផ្តើមទាំងតួអង្គតូចតាច រហូតដល់តួអង្គឯក។

លោក សុខ ដែន បន្តថា ត្បិតថាកន្លងទៅធ្លាប់សម្តែងក្នុងរឿងជាច្រើន តែកត្តាជីវភាពរបស់លោកហាក់ខុសប្លែកពីតារាជំនាន់ថ្មីមួយចំនួន ពោលគឺមិនសូវជាមានបានប៉ុន្មានទេ ដោយសារប្រាក់ចំណូលដែលបានមក ត្រូវចំណាយគ្រប់ច្រកបង់ថ្លៃផ្ទះជួលផង និងចំណាយចិញ្ចឹមគ្រួសារផង។ ឆ្លើយតបនឹងការសាកសួរពីសំណាក់ពីធីករ-ពិធីការិនីក្នុងកម្មវិធី លោក សុខ ដែន ទម្លាយថា មួយរយៈចុងក្រោយនេះ លោកហាក់បរាជ័យទាំងព្រមតែម្តង ត្បិតការងារសិល្បៈក៏មិនសូវមាន ហើយការងារដែលលោកធ្វើក៏បរាជ័យតែម្តង។

លោកនិយាយថា «មូលហេតុដែលធ្វើឲ្យលោកមានជីវភាពថយក្រោយ គឺដោយសារតែមុនកូវីដ ខ្ញុំសម្រេចចិត្តបង្កើតផលិតកកម្មតូចមួយជាលក្ខណៈខ្លួនឯង ដើម្បីបង្កើតវីដេអូចម្រៀងបង្ហោះក្នុងយូធូប និងមានម្ចាស់ Sponser នានាធានាថានឹងជួយ តែពេលកូវីដ១៩មក ក៏បរាជ័យ ដល់លក់របស់របរអស់ដូចជាម៉ូតូដែលបង់រំលោះជិតដាច់ និងប្រាក់សន្សំ ៥ពាន់ដុល្លារក៏អស់ ដើម្បីយកលុយផលិតចម្រៀងដាក់យូធូប តែក្រោយមកក៏បរាជ័យ និងធ្លាក់ខ្លួនរហូតមកជិះម៉ូតូកូនទា»

លោកថា «លក់ម៉ូតូមកធ្វើចម្រៀង តែបែរជាបរាជ័យ។ ជាពិសេសគឺរួមផ្សំទាំងអ្នកដឹកនាំមួយចំនួន នៅពេលដែលឃើញយើងដឹកខ្លួនឯង គាត់លេងហៅយើងទៅធ្វើការជាមួយគាត់ ប្រហែលជាគាត់គិតថាយើងចង់ទៅប្រកួតប្រជែងជាមួយគាត់ តាមពិតទៅ សុខដែន ធ្វើនេះគ្រាន់តែចង់រកចំណូលបន្ថែមប៉ុណ្ណោះ មិនចង់ប្រកួតប្រជែងអ្វីជាមួយនរណាទេ»

គួរជម្រាបថា លោក សុខ ដែន បច្ចុប្បន្នបន្ទាប់ពីការងារសិល្បៈមិនសូវអំណោយផលមក លោកបានងាកទៅរកអាជីពចាស់ ពោលគឺបង្រៀនក្បាច់គុនទៅដល់ក្មេងៗជំនាន់ក្រោយ៕