(ភ្នំពេញ)៖ ទឹកជាសារជាតិដែលចាំបាច់សម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វរុក្ខជាតិផ្សេងៗ ប៉ុន្ដែក៏ត្រូវពិសាឱ្យមានបរិមាណត្រឹមត្រូវ និងតាមការទាមទាររបស់សរីរាង្គកាយ ដូចជាពេលក្រោកពីដំណេកភ្លាម រាងកាយយើងត្រូវការទឹក ព្រោះមិនបានទទួលជាតិទឹករហូតដល់ទៅ៦-៨ម៉ោង ខណៈយើងបានបញ្ចេញជាតិទឹក តាមចង្វាក់ដង្ហើម ដែលយើងបានដកជាដើម (ពេលដកដង្ហើមមានជាតិសើមមកជាមួយ)។

ដូច្នេះ ការពិសាទឹកពេលក្រោកពីដំណេកភ្លាម គឺមានសារៈប្រយោជន៍ណាស់ សម្រាប់សុខភាពលោកអ្នក សូមលើកតែ១០ ចំណុចសំខាន់ៗរួមមាន៖
* បញ្ចេញកាកសំណល់ពីយប់ តាមរយៈបន្ទោបង់
* ជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ប្រឆាំងជំងឺផ្សេងៗ
* ជួយសម្អាតប្លោកនោម
* បណ្ដេញជាតិពុល ចេញពីរាងកាយ
* បង្កើនចំណង់អាហារពេលព្រឹក
* ទប់ស្កាត់បញ្ហាឈឺក្បាល
* សម្រកទម្ងន់
* មានអារម្មណ៍ស្រស់ស្រាយ
* ធ្វើឱ្យស្បែករលោងស្អាត
* បង្កើនថាមពលរាងកាយ

ចំណុចគួរចងចាំ៖ ការពិសាទឹកឲ្យមានបរិមាណត្រឹមត្រូវ គឺពិតជាសំខាន់ណាស់ ដែលតម្រូវឱ្យយើងញុំា ក្នុងចន្លោះពី២លីត្រកន្លះ ទៅ៣លីត្រក្នុងមួយថ្ងៃ សម្រាប់ពេញវ័យ។

ចំណែកឯក្មេងវិញ បើក្រោម២៥គីឡូ គិតជាមីលីលីត្រក្នុងការញុំា ដោយប្រែប្រួលទៅតាមអាយុ ដោយក្មេងតូចញុំាតិច ក្មេងធំញុំាច្រើន ស្របទៅតាមរាងកាយត្រូវការមានន័យថា ទឹកចូលមកក្នុងរាងកាយយើង តាមការយើងផឹក ចំណីអាហារដែលយើងបរិភោគ ហើយបើពេលយើងខ្វះជាតិទឹកក្នុងខ្លួន រៀងកាយយើងនឹងឲ្យយើងស្រេកទឹកដោយខ្លួនឯង បើមិនមានអារម្មណ៍ថា ស្រេកទឹកទេ មានន័យថា រាងកាយយើងមានជាតិគ្រប់គ្រាន់ហើយ។

ដូច្នេះ កុំឲ្យមានការយល់ច្រឡំថា ទាល់តែញុំាតែទឹកចន្លោះពី ២-៣លីត្រ បានគ្រប់ក្នុងមួយថ្ងៃ ដោយមិនបានគិតថា ទឹកនៅក្នុងចំណីអាហារយើង ក៏មានចំណែកទឹកដែរ។

ហេតុដូចនេះ បើយើងញុំាទឹកលើស ឬហួសបរិមាណ ក៏បណ្តាលឲ្យមានបញ្ហាសុខភាពដែរ ព្រោះនឹងធ្វើឱ្យយើងបត់ជើងតូចច្រើនហើយញឹក ដែលនាំនូវជាតិអំបិលចេញតាមទឹកនោមច្រើន បែបជាមានបញ្ហាទៅវិញ។ នេះបើតាមការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យ គន្ធបុប្ផាភ្នំពេញ៕