(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១នេះ បានប្រារព្ធ «ពិធីបើកដំណើរការជាផ្លូវការទីតាំងថ្មី ធនាគារ ជីប ម៉ុង សាខាណូរ៉ូ ម៉ល» ដែលមានទីតាំងស្ថិតនៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ជាន់ផ្ទាល់ដី។

កម្មវិធីនេះដែរ មានការអញ្ជើញចូលរួម ជាអធិបតីពីសំណាក់ លោកស្រីអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង ព្រមទាំងសហការី និងភ្ញៀវកិត្តិយសផងដែរ។

ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា លាង ម៉េង បានថ្លែងថា «ការផ្លាស់ប្តូរទីតាំងនេះ គឺដើម្បីឆ្លើយតបទៅ នឹងកំណើនអតិថិជន ដែលមកអញ្ជើញមកទទួលសេវាកម្ម ផ្ទាល់នៅធនាគារ ជីប ម៉ុង សាខាណូរ៉ូ ម៉ល ដូចនេះហើយទើប យើងសម្រេចផ្លាស់ប្តូរទីតាំងធនាគារ ជីប ម៉ុង សាខាណូរ៉ូ ម៉ល ទៅទីតាំងដែលធំទូលាយ ស្រស់ស្អាត ប្រណិតជាងមុន ដែលស្ថិតក្នុងផ្សារទំនើប ណូរ៉ូ ម៉ល នេះដដែល»

អ្នកឧកញ៉ា លាង ម៉េង បន្ដទៀតថា «ធនាគារ ជីប ម៉ុង សាខា ណូរ៉ូ ម៉ល នេះ មានលក្ខណៈពិសេសខុសប្លែកពីគេ ព្រោះអតិថិជនដែលអញ្ជើញមកសាខានេះ មិនត្រឹមតែអាចធ្វើប្រតិបត្តិការសេវាកម្ម ធនាគារមួយមុខប៉ុណ្ណោះទេ អតិថិជនក៏អាចឆ្លៀតដើរកម្សាន្តក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល នេះបានផងដែរ»

ឆ្លៀតក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា លាង ម៉េង បានប្រកាសអំពីពានរង្វាន់ដែលធនាគារ ជីប ម៉ុង ទទួលបានពីស្ថាប័នពិភពលោក The Global Economics ចំនួន២ធំៗគឺ៖ ពានរង្វាន់ទី១ គឺធនាគារឌីជីថលដែលថ្មី និងល្អបំផុតប្រចាំឆ្នាំ២០២០ និងពានរង្វាន់ទី២ គឺពានរង្វាន់កម្មវិធីទូរសព្ទដៃធនាគារ ដែលមានភាពច្នៃប្រឌិតបំផុតប្រចាំឆ្នាំ២០២០។

អ្នកឧកញ៉ា លាង ម៉េង បានគូសបញ្ជាក់ថា ភាពជោគជ័យនេះ គឺជាសមិទ្ធិផលនៃកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងសហការីទាំងអស់ ហើយជាពិសេស ការគាំទ្រពីសំណាក់អតិថិជនរបស់ធនាគារ ជីប ម៉ុងផ្ទាល់តែម្តង។

ដើម្បីអបអរសារទរ «ពិធីបើកដំណើរការជាផ្លូវការទីតាំងថ្មី ធនាគារ ជីប ម៉ុង សាខា ណូរ៉ូ ម៉ល» ធនាគារ ជីប ម៉ុង នឹងរៀបចំកម្មវិធីរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៤ ដល់២៦ ខែមករា ឆ្នាំ២០២១ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ដែលមានការផ្តល់ជូនពិសេសៗលើសេវាកម្ម ក៏ដូចជាពាណិជ្ជកម្មផ្សេងៗ របស់ក្រុមហ៊ុន ជីប ម៉ុង។

លោកអ្នក ក៏អាចទស្សនាការគូរគំនូរ ដោយផ្ទាល់ពីវិចិត្រករ ដ៏មានប្រជាប្រិយភាព លោក កឹង រិទ្ធី និងជួបសំណោះសំណាលដោយផ្ទាល់ ជាមួយ SmallWorld SmallBand ក្រុមតូច ដើម្បីមានឱកាសទទួលបានអាវយឺតដ៏ស្រស់ស្អាត ដែលមានហត្ថលេខាពីក្រុមតូចផងដែរ។ កុំភ្លេចចូលរួមទាំងអស់គ្នា សាធារណជនទាំងអស់ អាចចូលរួមបានដោយសេរី៕