(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា បានក្លាយជើងឯកជើងឯកពានរង្វាន់សប្បុរសធម៌ Siem Reap Charity Cup 2021 បន្ទាប់ពីយកឈ្នះក្រុមអង្គរថាយហ្គឺរ ដោយលទ្ធផល ២-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រនាល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នេះនៅកីឡដ្ឋាន SRU ខេត្តសៀមរាប។

ការប្រកួតពានរង្វាន់លក្ខណៈមិត្តភាពត្រៀមរដូវកាលថ្មីនេះ វគ្គទី១ ក្រុមទាំងពីរ មិនអាចបំប៉ោងសំណាញ់ទីគ្នាបានទេ។ ចូលវគ្គទី២ ខ្សែការពារ ឆេង ម៉េង រកគ្រាប់បាល់នាំមុខ ១គ្រាប់មុនឲ្យវិសាខា នៅនាទី៦២ មុនខ្សែការពារអង្គរថាយហ្គឺរ ឈង់ ប៊ុនណាត ភ្លាត់ទាត់ចូលទីខ្លួនឯង(Own Goal) ១គ្រាប់ នៅនាទី៨៥ ដែលជួយឲ្យវិសាខា នាំមុខ ២-០ រហូតដល់ចប់ការប្រកួតតែម្ដង។

ជ័យជម្នះនេះ បានធ្វើឲ្យវិសាខា ក្លាយជាក្រុមជើងឯកពានរង្វាន់សប្បុរសធម៌ខាងលើ គ្រាដែលអង្គថាយហ្គឺរ បានជើងឯករង ។ ចំណែកលេខ៣ បានទៅក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់ពីយកឈ្នះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៤-៣ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ៤-៤ កាលពីម្សិលមិញ។

គួរបញ្ជាក់ថា ការប្រកួតនេះ រៀបចំដោយក្លិបសៀមរាបយូណាយធីត ក្នុងគោលបំណងស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ ដោយមានបេក្ខភាព ៤ក្រុមខាងលើចូលរួម។ កាលពីវគ្គចាប់ឆ្នោតជម្រុះ មុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្ងៃនេះ វិសាខា គឺបានយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ២-១ ខណៈក្រុមអង្គរថាយហ្គឺរ បានយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ ១-០ កាលពីថ្មីៗកន្លងទៅ៕