(ភ្នំពេញ)៖ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានធ្វើការជំរុញ និងលើកទឹកចិត្តប្រជាជនវ័យក្មេង ដែលចង់មានលំនៅដ្ឋានអចិន្ដ្រៃយ៍ផ្ទាល់ខ្លួន នៅរាជធានីភ្នំពេញ គួរពិចារណាទិញដីទុក សម្រាប់សង់ផ្ទះនៅថ្ងៃអនាគត ខណៈកំណើនប្រជាជន និងតម្លៃអចលនទ្រព្យក្នុងទីក្រុង មានការកើនឡើងរៀងរាល់ឆ្នាំពី ១០ ទៅ ២០%។

អ្នកជំនាញមានបទពិសោធជោគជ័យលើវិស័យអចលនទ្រព្យរូបនេះបានធ្វើឡើងដូច្នេះនៅក្នុងបទបង្ហាញ នៃកម្មវិធីបើកលក់គម្រោងអភិវឌ្ឍលំនៅឋាន និងដីឡូតិ៍ របស់ក្រហ៊ុន អិមធី ប្រផឹធី ឌីវេឡុបម៉ិន នៅស្រុកអង្គស្នូល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នេះ។

ការលើកឡើងបែបនេះ បន្ទាប់ពីលោកសម្លឹងឃើញកំណើនប្រជាជនក្នុងក្រុង ២០ ទៅ ៣០ម៉ឺននាក់រៀងរាល់ឆ្នាំ ស្របពេលផ្ទះ និងវិស័យដីធ្លីក្នុងក្រុង ឡើងថ្លៃ ១០ ទៅ ២០ % រៀងរាល់ឆ្នាំ។ ហេតុនេះលោកបានលើកទឹកចិត្ត អ្នកដែលចង់មានលំនៅឋានអចិន្ដ្រៃយ៍នៅភ្នំពេញ តែពុំមានលទ្ធភាពទិញផ្ទះនោះ គួរទិញដីតាមជាយក្រុង ដើម្បីសង់ផ្ទះពេលក្រោយ ដ្បិតរាជរដ្ឋាភិបាល កំពុងធ្វើការអភិវឌ្ឍន៍ និងពង្រីកក្រុងកាន់តែធំនាពេលបច្ចុប្បន្ន និងអនាគតដ៏ខ្លីខាងមុខ។

លោកបណ្ឌិត គីម ហ៊ាង បន្ដថា «ក្នុងចំណោមប្រជាជនរស់នៅភ្នំពេញជាង ៣លាននាក់ មានជាង ១លានកន្លះ ដែលជួលផ្ទះគេនៅ ដល់ពេលអញ្ចឹង ចង់មិនចង់ពួកគាត់អត់មានលទ្ធភាពទិញផ្ទះបុរី-ខុនដូនៅក្រុងទេ គាត់ត្រូវទិញដីឡូតិ៍នៅជាយក្រុង ដើម្បីសង់ផ្ទះថ្ងៃក្រោយ។ កន្លែងនេះហើយ នាំឲ្យវិស័យដីឡូតិ៍ នៅតែមានសក្ដានុពេល ហើយប្រជាជនវ័យក្មេង មន្ដ្រីរាជការ បុគ្គលិកក្រុមហ៊ុន និងអ្នកមកពីខេត្តគួរទិញដីទុក ព្រោះក្នុងមួយឆ្នាំៗ មានប្រជាជនរាប់សែននាក់ បានចូលមកភ្នំពេញ ហើយអត់ចង់ទៅវិញទេ»

ទន្ទឹមជាមួយគ្នាលោកស្រី ប៊ី ឧដ្ឋានវតី ម្ចាស់គម្រោងខាងលើ បានបង្ហាញការគាំទ្រការលើកឡើងរបស់អ្នកជំនាញខាងលើ ពិសេសការលើកទឹកចិត្តយុវជន និងអ្នកនៅលីវ ទាំងបុរស និងនារី ក្នុងការសន្សំប្រាក់វិនិយោគលើអចលនទ្រព្យ សម្រាប់ទុកជាទ្រព្យផ្ទាល់ខ្លួន ជាជាងការមានគំនិតអវិជ្ជមានថា អាងទ្រព្យរបស់ឪពុក-ម្ដាយ ឬអាងប្ដីចញ្ចឹមជាដើម។ លោកស្រីបញ្ជាក់ថា មនុស្សកើត តែដីអត់កើតទេ ហេតុនេះគួររវិនិយោគលើខ្លួនឯង ដើម្បីអនាគតផ្ទាល់ខ្លួន និងគ្រួសាររបស់ខ្លួន៕