(ភ្នំពេញ)៖ គិតត្រឹមអាណត្តិលោក ចូ បៃឌិន (Joe Biden) សហរដ្ឋអាមេរិកមានប្រធានាធិបតីចំនួន ៤៦ នាក់ហើយ ក្នុងនោះមានអតីតប្រធានាធិបតីភាគច្រើនបានលាចាកលោកទៅវិញ ខណៈដែលខ្លះទៀតនៅមានជីវិតដល់សព្វថ្ងៃនេះ (គិតត្រឹមដើមឆ្នាំ២០២១)។ តើអ្នកដឹងទេថា អតីតប្រធានាធិបតីអាមេរិករូបណាខ្លះ ដែលនៅមានជីវិត?

Fresh News Plus សូមបង្ហាញឈ្មោះអតីតប្រធានាធិបតីអាមេរិកដែលនៅរស់ដូចតទៅ៖

១៖ ប្រធានាធិបតីទី៣៩ លោក ជីមី ខាតធ័រ (Jimmy Carter)
លោក ជីមី ខាតធ័រ កើតនៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩២៤ ហើយគិតត្រឹមឆ្នាំ២០២១ លោកមានអាយុ ៩៦ ឆ្នាំ។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៨១។

២៖ ប្រធានាធិបតីទី៤២ លោក ប៊ីល គ្លីនតុន (Bill Clinton)
លោក ប៊ីល គ្លីនតុន កើតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៦ ហើយគិតត្រឹមឆ្នាំ២០២១ លោកមានអាយុ ៧៥ ឆ្នាំ។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០១។

៣៖ ប្រធានាធិបតីទី៤៣ លោក ចច វ៉កឃ័រ ប៊ូស ឬ ចច ដាប់ប៊ែលយូ ប៊ូស (George Walker Bush)
លោក ចច វ៉កឃ័រ ប៊ូស កើតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៤៦ ហើយគិតត្រឹមឆ្នាំ២០២១ លោកមានអាយុ ៧៥ ឆ្នាំ។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៩។

៤៖ ប្រធានាធិបតីទី៤៤ លោក បារ៉ាក់ អូបាម៉ា (Barack Obama)
លោក បារ៉ាក់ អូបាម៉ា កើតនៅថ្ងៃទីនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩៦១ ហើយគិតត្រឹមឆ្នាំ២០២១ លោកមានអាយុ ៦០ ឆ្នាំ។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧។

៥៖ ប្រធានាធិបតីទី៤៥ លោក ដូណាល់ ត្រាំ (Donald Trump)
លោក ដូណាល់ ត្រាំ កើតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦ ហើយគិតត្រឹមឆ្នាំ២០២១ លោកមានអាយុ ៧៥ ឆ្នាំ។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ បន្ទាប់ពីចាញ់ឆ្នោតលោក ចូ បៃដិន (Joe Biden)។

សូមបញ្ជាក់ថា លោក ចូ បៃដិន ប្រធានាធិបតីទី៤៦ កើតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤២ ហើយគិតត្រឹមឆ្នាំ២០២១ លោកមានអាយុ ៧៨ ឆ្នាំ។ លោកបានស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខណៈប្រវត្តិសាស្ត្រអាមេរិកកំណត់ទុកថា គាត់ជាប្រធានាធិបតីដែលបានជាប់ឆ្នោតពេលមានវ័យចាស់ជាងគេ៕