(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង បានគូសបញ្ជាក់ថា ការកាន់តែរីកចម្រើនរបស់ក្រុមហ៊ុន ជីប ម៉ុង មិនមែនដោយចៃដន្យនោះទេ ដោយសារប្រទេសកម្ពុជា ជាប្រទេសដែលមានសុខសន្ដិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី។
ការគូសបញ្ជាក់បែបនេះ របស់អ្នកឧកញ៉ា លាង ម៉េង ធ្វើឡើងក្នុងពិធី បើកដំណើរការជាផ្លូវការទីតាំងថ្មី ធនាគារ ជីប ម៉ុង សាខាណូរ៉ូ ម៉ល ដែលមានទីតាំង ស្ថិតនៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ជាន់ផ្ទាល់ដី រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។
ឆ្លើយតបនឹងសំណួរ របស់អ្នកសារព័ត៌មាន Fresh News ចោទសួរថា តើធនាគារ ជីប ម៉ុង មានយុទ្ធសាស្រ្តបែបណា ដែលជំរុញឲ្យមានការវិវឌ្ឍន៍ខ្លួន បានលឿនបែបនេះ ខណៈដែលទើបតែបោះជំហាន ចូលក្នុងវិស័យធនាគារ ប៉ុន្មានឆ្នាំប៉ុណ្ណោះ? អ្នកឧកញ៉ា លាង ម៉េង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុន អាចរីកចម្រើន បោះជំហានទៅមុខបាន មិនមែនដោយចៃដន្យនោះទេ ដោយសារប្រទេសយើង ជាប្រទេសដែលមានសុខសន្ដិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសយើង មានការទុកចិត្ដ និងមានភាពគិតពីយុទ្ធសាស្ដ្របន្ដ»។
អ្នកឧកញ៉ា លាង ម៉េង បានបន្ថែមទៀតថា ការធ្វើឲ្យធនាគារ ជីប ម៉ុង មានការរីកចម្រើន ដោយសារតែយើងមាន ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនមួយដ៏រឹងមាំ ដែលបានប្រកបអាជីវកម្ម នៅក្នុងប្រទេសកម្ពុជាជិត៤០ឆ្នាំ និងបានយល់ពីតម្រូវការរបស់អតិថិជន។
លើសពីនោះទៀត ប្រធានក្រុមអគ្គនាយក ជីប ម៉ុង រូបនេះ បានបន្ដថា នៅពេលដែលធ្វើអាជីវកម្ម យើងបានដឹងអំពីតម្រូវការរបស់អតិថិជន វានឹងធ្វើឲ្យការសម្រេចចិត្ដរបស់យើង មានការសម្រេចចិត្ដត្រូវ។
អ្នកឧកញ៉ា លាង ម៉េង បានឲ្យដឹងទៀតថា ធនាគារ ជីប ម៉ុង បានលើកកម្ពស់សេដ្ឋកិច្ច និងចូលរួមចំណែកក្នុងសង្គមច្រើន ខណៈបច្ចុប្បន្ន ធនាគារ ជីប ម៉ុង កំពុងព្យាយាមឲ្យប្រជាជន និងប្រទេសកម្ពុជា ទទួលបាននូវបទពិសោធន៍ថ្មីផងដែរ។
ក្នុងឱកាសនោះ អ្នកឧកញ៉ា លាង ម៉េង ក៏បានប្រកាសអំពីពានរង្វាន់ដែលធនាគារ ជីប ម៉ុង ទទួលបានពីស្ថាប័នពិភពលោក The Global Economics ចំនួន២ធំៗ រួមមាន ធនាគារឌីជីថលដែលថ្មី និងល្អបំផុតប្រចាំឆ្នាំ២០២០ និងពានរង្វាន់កម្មវិធីទូរស័ព្ទដៃធនាគារ ដែលមានភាពច្នៃប្រឌិតបំផុត ប្រចាំឆ្នាំ២០២០។
អ្នកឧកញ៉ា លាង ម៉េង បានគូសបញ្ជាក់ថា ភាពជោគជ័យនេះ គឺជាសមិទ្ធិផលនៃកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងសហការីទាំងអស់ ហើយជាពិសេស ការគាំទ្រពីសំណាក់អតិថិជន របស់ធនាគារ ជីប ម៉ុង ផ្ទាល់តែម្តង។
គូសបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលកំពុងជួយដល់សេដ្ឋកិច្ចជាតិ ដោយកំពុងរកស៊ី ក្នុងវិស័យជាច្រើននៅកម្ពុជា រួមមាន៖ វិស័យសណ្ឋាគារ វិស័យសំណង់ និងអភិវឌ្ឍលំនៅឋាន វិស័យម្ហូបអាហារ វិស័យធនាគារ និងវិស័យទេសចរណ៍ជាដើម៕