(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់ Manchester United បានបន្តដំណើរទៅឆ្ពោះទៅជុំទី៥ នៃពានរង្វាន់ FA Cup ជាបន្តទៀត នៅក្រោយពេលទម្លាក់ Liverpool ក្នុងលទ្ធផល ៣-២ គ្រាដែល Bruno Fernandes រកបានគ្រាប់ជ័យជម្នះនៅខ្វះ ១២នាទីចប់ការប្រកួត។
ក្នុងការប្រកួតពេញម៉ោង ៩០នាទី ក្រុមរបស់លោក Jurgen Klopp ជាអ្នកបើកការនាំមុខ ១គ្រាប់មុននៅនាទី១៨ ក្នុងកីឡដ្ឋាន Old Trafford ពីការធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធ Mohamed Salah ពីការបញ្ជូនរបស់មិត្តរួមក្រុម Roberto Firmino នៅមុនពេល Greenwood និង Rashford រកបានម្នាក់ ១គ្រាប់ជួយឲ្យក្រុមរបស់លោក Ole Gunnar Solskjaer នាំមុខ ២-១ នៅនាទី២៦ និងនាទី៤៨។
តែយ៉ាងណាជំនួបខ្លាំងប៉ះខ្លាំងនេះនៅតែបន្តរកបានគ្រាប់បាល់ទៀត នៅពេល Salah រកបានគ្រាប់ទី២ របស់គេនៅនាទី៥៨ អូសបន្លាយរហូតដល់នាទី៧៨ ទើបកីឡាករខ្សែបម្រើប្រយុទ្ធ Bruno Fernandes រកបានគ្រាប់ជ័យជម្នះតែម្តងដោយការទាត់បាន Free kick។
តាមរយៈជ័យជម្នះនេះដែរ បានធ្វើឲ្យបិសាចក្រហម Manchester United ឡើងទៅជួបក្រុម West Ham United សម្រាប់ជុំទី៥ នៃ FA Cup ដែលមានអតីតអ្នកចាត់ការទូទៅរបស់ខ្លួន លោក David Moyes នៅទីនោះដែលនឹងធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ជាបន្តទៀត៕