(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តដែលកំពុងល្បីខ្លាំង Tesla បានប្ដឹងអតីតបុគ្គលិករបស់ខ្លួន ដែលបម្រើការងារជា Software Engineer ឈ្មោះ Alex Khatilov ក្រោមបទចោទប្រកាន់ថាបានលួចយកឯកសារសម្ងាត់ និងរំលោភលើកិច្ចព្រមព្រៀង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNCB នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។
នៅក្នុងពាក្យបណ្ដឹងបានឱ្យដឹងថា លោក Khatilov បានលួចយកឯកសារសម្ងាត់របស់ក្រុមហ៊ុន ដោយក្នុងនោះមានទាំងកូដនៃ កម្មវិធី WARP Drive ដែលវាត្រូវបានក្រុមហ៊ុន Tesla ឡើងដើម្បីកត់ត្រា និងរក្សាទុកនូវគម្រោង ឬផែនការណ៍អាជីវកម្មជាដើម ហើយអ្វីដែលធ្វើឱ្យក្រុមហ៊ុនកាន់តែខឹងនោះ គឺលោក Khatilov បានលុបចោលនូវឯកសារមួយចំនួនថែមទៀតផង។
លោក Khatilov ត្រូវបានក្រុមហ៊ុន Tesla ជ្រើសរើសឱ្យបម្រើការងារនៅក្នុងក្រុម Tesla’s Quality Assurance កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ និងត្រូវបាន Tesla ចាប់បានថាបានលួចចម្លងឯកសារ សម្ងាត់របស់ក្រុមហ៊ុននៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្រោយពីបុរស រូបនេះបានសរសេរកូដកម្មវិធីប្រើប្រាស់ភាសា Python ក្នុងការបញ្ជូនឯកសាររបស់ក្រុមហ៊ុន ចូលទៅក្នុងគណនី Dropbox ផ្ទាល់ខ្លួន របស់លោក។
ពាក់ព័ន្ធនឹងករណីនេះ លោក Khatilov បានថ្លែងប្រាប់សារព័ត៌មាន New York Post ថា លោកមិនបានលួចចម្លងឯកសារនោះទេ លោកគ្រាន់តែចង់ Backup នូវរាល់ការងារដែលលោកបានធ្វើប៉ុណ្ណោះ៕