(ម៉ាឌ្រីដ)៖ ៣ពិន្ទុក្រៅដីរបស់ FC Barcelona ក្នុងជ័យជម្នះ ២-០ ទៅលើក្រុម Elche បានធ្វើឲ្យក្រុមនៅតំបន់ Catalan មួយនេះឡើងទៅឈរនៅចំណាត់ថ្នាក់លេខរៀងទី៣ ក្នុងតារាង La Liga ជាបណ្តោះអាសន្នវិញ គិតត្រឹម ១៩សប្តាហ៍បញ្ចប់ជើងទី១ របស់ពួកគេ។
កីឡាករ Frenkie de Jong រកបានគ្រាប់បែកពងមាន់នៅនាទី៣៩ ដែលជាគ្រាប់បាល់ដំបូងគេរបស់កីឡាករហូឡង់រូបនេះ ក្នុងការបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង ក្នុងចំណោម ២៥ប្រកួតជាមួយ FC Barcelona នៅមុនពេលបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Riqui Puig ស៊ុតគ្រាប់ទី២ នៅនាទី៨៩។
៣ពិន្ទុបន្ថែមក្រៅដីនេះដែរ បានជួយឲ្យក្រុមរងជើងឯកលីគកំពូលអេស្ប៉ាញ La Liga រដូវកាលមុន ១នេះដែលដឹកនាំដោយលោក Ronald Koeman ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៣ ដោយមាន ៣៧ពិន្ទុចាញ់ Real Madrid ៣ពិន្ទុដែលឈរលេខ២ និង Atletico Madrid បន្តឈរនៅកំពូលតារាងដ៏រឹងមាំ ដោយមានពិន្ទុសរុប ៤៧ពិន្ទុ ដោយនៅសល់ ១ប្រកួតក្នុងដៃថែមទៀតផង។
ចំណែកឯការបរាជ័យរបស់ Elche វិញបានធ្វើឲ្យពួកគេបន្តឈរនៅលេខរៀងទី១៨ ក្នុងតំបន់កាត់ចោលដដែល ដោយទើបរកបាន ១៧ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម ១៨ប្រកួតរបស់ពួកគេ និងលេងមិនឈ្នះសោះពី ១៣ប្រកួតចុងក្រោយនេះ អស់ណាស់ត្រឹមស្មើ៕