(ភ្នំពេញ)៖ ក្លិបបាល់ទាត់ខេត្តព្រៃវែង បានឡើងបង្គ្រប់កៅអីក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ ជាផ្លូវការហើយ បន្ទាប់ពីក្រុមដែលមានសិទ្ធិដណ្ដើម គឺក្រុម ISI ដង្កោសែនជ័យ បានប្រកួតចាញ់ក្រុម U21 ភ្នំពេញក្រោន ១-០ ក្នុងជំនួបក្រុមលេខ៣ ប៉ះក្រុមលេខ៤ នៃវគ្គ ៤ក្រុមចុងក្រោយ(Top-4) ក្នុងក្របខណ្ឌលីគទី២ នៅកីឡដ្ឋាន RSN កាលពីចុងសប្ដាហ៍កន្លងទៅ។
គ្រាប់បាល់ជ័យជម្នះរបស់ U21 ភ្នំពេញក្រោន ដែលនាំឲ្យពួកគេសងសឹកក្រុម ISI ដង្កោសែនជ័យ បានសម្រេចវិញ បន្ទាប់ពីធ្លាប់ចាញ់ ២-១ កាលពីវគ្គសន្សំពិន្ទុ គឺធ្វើសម្រេចដោយកីឡាករ សំអុល ទីណា នៅនាទី៦៤។ ១គ្រាប់នេះបានបញ្ចប់ឱកាសដណ្ដើមកៅអីលីគកំពូលរបស់ ISI ដង្កោសែនជ័យ តែបានបើកផ្លូវឲ្យខេត្តព្រៃវែង ឡើងលេងលីគកំពូលកម្ពុជា ឆ្នាំ២០២១ ផ្លូវការតែម្ដង។
គួរបញ្ជាក់ថា ក្រុមកំពូលតារាងលីគទី២ ខេត្តព្រៃវែង បានឡើងលេងលីគកំពូលស្វ័យប្រវត្តិ ព្រោះគូប្រកួតចុងក្រោយរបស់ខ្លួន សុទ្ធតែជាក្រុមបុត្រសម្ព័ន្ធក្របខណ្ឌលីគកំពូលស្រាប់ ទាំងក្រុម U21 ភ្នំពេញក្រោន និងក្រុម U21 កងយោធពលខេមរភូមិន្ទ ដែលឈរលេខ២។ តែភារកិច្ចចំពោះមុខ គឺក្រុមបុត្រសម្ព័ន្ធលីគកំពូលទាំង ២ក្រុមនឹងត្រូវជួបគ្នានាថ្ងៃទី២៦ ខែមករាស្អែកនេះ ដើម្បីស្វែងរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ ជួបខេត្តព្រៃវែង កាត់សេចក្ដីក្រុមជើងឯកលីគទី២ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ខាងមុខ៕