(ភ្នំពេញ)៖ ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលបានលើកមករៀបចំ នៅថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២១ បានបញ្ចប់ដោយជោគជ័យនៅទីលានក្នុងសាល នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយក្លិបគុនល្បុក្កតោក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៣គ្រឿង។
លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិរយៈពេល ៣ថ្ងៃគឺមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១៩៣នាក់ មកពី ២៤សមាគម/ក្លិបចូលរួម។ ជាលទ្ធផលក្លិបក្រសួងមហាផ្ទៃ គឺបានឈរលេខ១ ដោយដណ្ដើមបានមេដាយមាស៧ និងសំរឹទ្ធ៦។
ចំណែកសាលាគុនល្បុក្កតោតារាជ បានឈរលេខ២ ឈ្នះមេដាយមាស៦ និងប្រាក់១ ខណៈសាលាគុនល្បុក្កតោសុវណ្ណអង្គរនាគរាជ ឈរលេខ៣ ឈ្នះមេដាយមាស៤ និងប្រាក់២ គ្រាដែលសាលាគុនល្បុក្កតោ DPSS ឈរលេខ៤ ឈ្នះមេដាយមាស៣ និងប្រាក់២ និងសាលាគុនល្បុក្កតោខេមវើល ឈរលេខ៥ ឈ្នះមេដាយមាស២ និងសំរឹទ្ធ១។
ក្រោយចប់ការប្រកួត លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធបានធ្វើការវាយតម្លៃខ្ពស់ ចំពោះការរៀបចំជើងឯកថ្នាក់ជាតិឆ្នាំនេះ ដែលមានលក្ខណៈកាន់តែល្អប្រសើរ ឆ្លុះបញ្ចាំងឲ្យឃើញពីភាពរីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេសរបស់ក្រុមគណៈកម្មការបច្ចេកទេស និងកីឡាករ-កីឡាការិនី ដែលជំរុញឲ្យការប្រកួតបញ្ចប់ដោយជោគជ័យ។
យ៉ាងណាក្ដីលោកបានជំរុញ និងលើកទឹកចិត្តកីឡាករ-កីឡាការិនីទាំងអ្នកឈ្នះ និងអ្នកចាញ់ ត្រូវបន្ដការខិតខំបន្ថែមទៀត ដើម្បីសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកដំបូង ក្នុងឆ្នាំ២០២១ ដែលទើបទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្មីៗផងដែរ៕