(អាប៊ូដាប៊ី)៖ ស្ថាប័នប្រដាល់ក្នុងទ្រុង UFC បានផ្តល់ប្រាក់រង្វាន់ ៥០,០០០ដុល្លារបន្ថែមទៅឲ្យកីឡាករ Dustin Poirier ដែលបានផ្តួលជើងខ្លាំង Conor McGregor សន្លប់ក្នុងទឹកទី២ នាថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ នៅឯសង្វៀន Etihad Arena ស្ថិតក្នុងទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម (UAE)។
តាមរយៈព័ត៌មានពីគេហទំព័រកីឡា Insider បានចេញផ្សាយថា Poirier ជាកីឡាករទី៤ ដែលត្រូវបាន UFC ផ្តល់ Bonus ក្នុងចំណោមជើងខ្លាំង Michael Chandler, Makhmud Muradov និង Marina Rodriguez ដែលសុទ្ធសឹងធ្វើបានល្អ ដោយផ្តួលដៃគូនៅពាក់កណ្តាលផ្លូវមិនឲ្យចប់ទឹកដូចៗគ្នានាពេលកន្លងមក។
មួយវិញទៀត កីឡាកសញ្ជាតិអាមេរិក វ័យ ៣២ឆ្នាំ Poirier ក៏បានធ្វើការសងសឹកដែលរូបគេបានសន្លប់ក្រោម កណ្តាប់ដៃរបស់កីឡាករអៀរឡង់ McGregor ក្នុងទឹកទី១ កាលពីឆ្នាំ២០១៤ កន្លងទៅក្នុងកម្មវិធី UFC 257។
ពុំមានប្រភពព័ត៌មានណាមួយបញ្ជាក់ច្បាស់ពីតម្លៃខ្លួនរបស់កីឡាករទាំងពីរឡើយ តែបើយោងតាមគេហទំព័រ Sportingnews បានឲ្យដឹងថា Conor McGregor ទទួលបានតម្លៃខ្លួនប្រមាណ ៥លានដុល្លារជាថ្នូរនឹងការសុំសងសឹករបស់ Dunstin Poirier ដែលទទួលបាន ១លានដុល្លារពីជ័យជម្នះរបស់គេ៕