(ភ្នំពេញ)៖ ក្លឹបរ៉ូតថា (ក្លឹបរ៉ូតថារីខេបភីថលក្លិបរ៉ូតថារីសេនត្រលនិងក្លិបរ៉ូតថារីចតុមុខ) និងផ្សារម៉ាក្រូបានសហការគ្នារៀបចំព្រឹត្តិការណ៍ សប្បុរសធម៌បរិច្ចាគឆ្នាំងស៊ុបថ្មីដោយឱ្យហាងលក់គុយទាវ ដែលមានឆ្នាំងចាស់មកប្តូរយកឆ្នាំងថ្មី។

ការបង្កើតព្រឹត្ដិការណ៍នេះឡើង បន្ទាប់ពីសង្កេតឃើញអ្នកប្រកបអាជីវកម្មលក់គុយទាវមួយចំនួន បានប្រើឆ្នាំងស៊ុបស្រុះគុយទាវធ្វើពីលុយមីញ៉ូមចាស់ៗ។ ឆ្នាំងស៊ុបប្រភេទនេះលុះដល់ពេលក្តៅខ្លាំង វានឹងរលាយជាអាលុយមីញ៉ូមអ៊ីដ្រុកស៊ីត (AluminumHydroxide)។ សារធាតុនេះចំនួនតិចតួចក៏ពិតមែនតែ វាអាចឆ្លងតាមកាត់ចំណីអាហាររបស់មនុស្សចូលក្នុងរាងកាយ ហើយជាក៏ប្រភពនៃការប៉ះពាល់ដល់សុខភាព។

ក្នុងនោះអាជីវករលក់គុយទាវជាង៤០នាក់ បានទទួលឆ្នាំងស៊ុបថ្មីធ្វើពីដែកអីណុក ដែលមានសុវត្ថិភាពក្នុងការចំអិនអាហារ។ ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។

ប្រធានក្លឹបរ៉ូតថារីខេបភីថល លោក ហុង ចុងចូវ បានលើកឡើងថាឆ្នាំងចាស់ៗឬឆ្នាំងអាលុយមីញ៉ូម ដែលត្រូវបានកំដៅនៅសីតុណ្ហភាពខ្ពស់ នឹងបង្កជាជាតិគីមីអាលុយមីញ៉ូមអីដ្រូសែន ដែលបង្កអន្តរាយដល់សុខភាពរាងកាយមនុស្ស និងអាចបណ្តាលឱ្យកើតជំងឺតម្រងនោមនិងជំងឺវង្វេង។ ផ្អែកលើការពិចារណាដ៏ម៉ត់ចត់ និងគិតគូរខ្វល់ខ្វាយអំពីសុវត្ថិភាពចំណីអាហារ របស់ប្រជាជនកម្ពុជាលោកបានផ្តួចផ្តើមការសហការគ្នា រវាងផ្សារម៉ាក្រូ និងក្លិបរូតថារីទាំងបីដើម្បីប្រារព្ធកម្មវិធីប្រគល់ឆ្នាំងស៊ុបថ្មីនេះ ដោយសង្ឃឹមថាសកម្មភាពនេះនឹងទាក់ទាញចំណាប់អារម្មណ៍ របស់សង្គមនិងសាធារណជនឱ្យយើង បរិភោគដោយសុវត្ថិភាពនិងអនាម័យ។

អ្នកស្រី ឡេង ផល្លី ប្រធានក្លិបរ៉ូតថារីចតុមុខបានឱ្យដឹងដែរថា ប្រសិនបើអាជីវករម្នាក់ក្នុង១ហាងលក់គុយទាវ បាន១០០ចានក្នុងមួយថ្ងៃ ហើយហាងចំនួន៤០អាចលក់គុយទាវ បានចំនួន៤,០០០ចាន ស្មើនឹងការជួយសង្គ្រោះអតិថិជន ៤,០០០នាក់ ឱ្យចៀសពីជំងឺនិងអាចបរិភោគចំណីអាហារដោយសុវត្ថិភាព។

លោកស្រីបានបន្តថា «យើងនឹងប្រារព្ធព្រឹត្តិការណ៍បែបនេះជារៀងរាល់ឆ្នាំ ដើម្បីធ្វើឱ្យប្រជាជនយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ កាន់តែច្រើននិងធ្វើឱ្យមនុស្សបរិភោគ កាន់តែមានសុខភាពល្អ»

អ្នកគ្រប់គ្រងទូទៅផ្សារម៉ាក្រូ លោក ផាត់ ឆារ៉ា ក៏បានថ្លែងថាសកម្មភាពបរិច្ចាគឆ្នាំងស៊ុប ដែកអ៊ីណុកថ្មីនេះតែងតែបានប្រារព្ធនៅប្រទេសថៃ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ឆ្នាំងស៊ុបដែកអាលុយមីញ៉ូមចាស់បង្កគ្រោះថ្នាក់ ដល់សុខភាពមនុស្ស។ ធាតុអាលុយមីញ៉ូមជាសារធាតុបង្កមហន្តរាយ និងមានឥទ្ធិពលបង្កជាមហារីកថែមទៀតផង។ ប្រសិនបើមនុស្សវ័យចំណាស់ ទទួលទានសារធាតុអាលុយមីញ៉ូមច្រើនពេក ពួកគេងាយនឹងទទួលរងពីជំងឺវង្វេងស្មារតីពុកឆ្អឹង ហើយអាចកាត់បន្ថយមុខងារប្រព័ន្ធភាពស៊ាំ របស់រាងកាយដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ផ្សេងៗ ដល់ជាលិកានិងសរីរាង្គ ដូចជា ខួរក្បាល ថ្លើម តំរងនោម បេះដូង និងប្រព័ន្ធសរសៃប្រសាទ។

លោក គង់ និមល តំណាងសមាជិកក្លឹបរ៉ូតថា រីសេនត្រលក៏បានថ្លែងផងដែរថា ក្លឹបរ៉ូតថារីនៅរាជធានីភ្នំពេញកំពុងស្វែងរកជំនួយផ្សេងៗ បន្ថែមជាច្រើនដើម្បីជួយប្រជាជនក្រីក្រ ក្នុងតំបន់រងគ្រោះ និងផលលំបាកក្នុងសង្គម។ រ៉ូតថារីនឹងធ្វើការជាមួយប្រជាជនកម្ពុជា ដើម្បីបង្កើតឱ្យមានសុខភាពល្អ និងជីវិតប្រសើរឡើង។

ក្លឹប Rotary គឺជាសមាគមសប្បុរសធម៌ ប្រចាំតំបន់នីមួយៗ ដែលត្រូវបានបង្កើតឡើង ស្របតាមច្បាប់របស់ក្លឹបរ៉ូតថារីអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់ផ្លាស់ប្ដូរ មនុស្សឱ្យមានវិជ្ជាជីវៈខ្ពស់និងផ្តល់សេវាសង្គម៕