(កូរ៉េ)៖ Rapper Iron មានឈ្មោះពិតហៅថា Jong Hun-cheol ដែលគ្រប់គ្នាស្គាល់ថា ជាបេក្ខជនក្នុងកម្មវិធី «Show Me The Money» ត្រូវបានរាយការណ៍ថា បានដេកស្លាប់នៅក្រៅអគារស្នាក់នៅរបស់លោក ខណៈបច្ចុប្បន្នតារាប្រុសរូបនេះ មានវ័យ២៩ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។

តាមការចេញផ្សាយពី Sports Kyunghyang ដោយយោងតាមរបាយការណ៍ដែលប៉ូលីសបានឲ្យដឹងថា Iron ត្រូវបានសន្តិសុខដែលកំពុងយាមល្បាត ប្រទះឃើញដេកហូរឈាម នៅសួនផ្កាមុខអគារស្នាក់នៅ ម៉ោងប្រហែល ១០៖២៥នាទីព្រឹកថ្ងៃទី២៥ មករា (ពេលវេលានៅកូរ៉េ)។ ក្រោយមកក៏ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ប៉ុន្តែត្រូវបានប្រកាសថា បាត់បង់ជីវិតទៅហើយ។

រំឭកទៅដល់ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ Iron ត្រូវបានចោទប្រកាន់ថា បានបៀតបៀនលើរូបរាងកាយទៅលើក្មេងម្នាក់ បន្ទាប់ពីប្រើប្រាស់ដំបងវាយក្មេងម្នាក់នោះ ហើយលោកក៏ត្រូវបានចោទប្រកាន់ផងដែរពីបទ រំលោភមិត្តស្រីរបស់លោក កាលពីឆ្នាំ ២០១៧។

យ៉ាងណាមិញ ជុំវិញមូលហេតុនៃការស្លាប់របស់តារាប្រុសរូបនេះ មិនទាន់មានការបញ្ជាក់ ជាផ្លូវការណាមួយនោះទេ៕