(អាមេរិក)៖ ក្រុមហ៊ុន Apple បានប្រកាសឱ្យដឹងថាបិតាវិស្វករខាងផ្នែក Hardware របស់ខ្លួន លោក Dan Riccio បានលាឈប់ពីមុខតំណែង ដោយត្រូវទៅកាន់គម្រោងថ្មីរបស់ Apple នៅឯក្រៅប្រទេស ប៉ុន្តែមិនបានបញ្ជាក់ថាគម្រោងថ្មីរបស់ Apple នោះគឺជាអ្វីទេ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា លោក Riccio ដែលបានបម្រើការងារនៅក្នុងក្រុមហ៊ុន Apple ជាងពីរទសវត្សមកហើយនោះ បានលាឈប់ពីតំណែង ប្រធានផ្នែកវិស្វករ Hardware ដែលតម្រូវឱ្យលោក John Ternus បុគ្គលិកជាន់ខ្ពស់របស់ Apple ទទួលការងារនេះជំនួសវិញ។

លោក Riccio ត្រូវបានគេដឹងថា ជាបិតាវិស្វកររបស់ផ្នែក Hardware របស់ក្រុមហ៊ុន Apple ដោយកាន់កាប់ការងារជាអ្នករចនាម៉ូដផលិតផល និងកាន់កាប់ផ្នែកវិស្វកម្មទៅលើផលិតផល iPad កាលពីឆ្នាំ២០១០ និងក្រោយមកទៀត ត្រូវបាន Apple ប្រកាសឱ្យទទួលបន្ទុក ដឹកនាំក្រុមផលិត Mac, iPhone, iPad និង iPod ទៅលើផ្នែកវិស្វកម្ម។

ចំពោះគម្រោងថ្មីដែលលោក Riccio ត្រូវទៅកាន់នោះ ត្រូវបានគេសង្ស័យថា ជាគម្រោងផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Apple ដែលក្នុងនោះ Apple ជាអ្នកផលិតបច្ចេកវិទ្យា និងថាមពលថ្មដោយខ្លួនឯង ហើយគ្រោងនឹងដាក់ដំណើរការនៅឆ្នាំ២០២៤៕