(បាសេឡូណា)៖ អតិតកីឡាករចាំទីល្បីឈ្មោះមួយរូបរបស់អាហ្សង់ទីន Hugo Orlando Gatti បានចំអកទៅ Lionel Messi ថា រាល់ការប្រកួតដែលគ្មានរូបគេលេង (Messi) ក្លិប FC Barcelona ដឹងតែឈ្នះហើយ ហេតុអ្វី?

លោក Gatti បានធ្វើការពន្យល់ដោយត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រ Live score បានឲ្យដឹងថា «គ្រប់ពេលដែលគ្មាន Messi លេង Barcelona ឈ្នះ ហើយអាចលេងស្មើទៀត នៅពេលជួបក្រុមខ្លាំងដទៃ។ បាល់ទាត់ គឺនិយាយតែពីជ័យជម្នះ ប្រសិនបើលេងល្អ»

ក្នុងន័យខាងលើនេះ លោក Gatti ពុំបានបញ្ជាក់ថា មិត្តរួមជាតិអាហ្សង់ទីនរបស់គេ កំពុងមានទម្រង់ធ្លាក់ចុះនោះទេ តែលោកបានធ្វើការប្រៀបធៀបយ៉ាងដូច្នេះថា Barcelona មានភាគរយឈ្នះក្នុងលីគ ៦៦.៧% នៅពេលមាន Messi លេងកាលពីរដូវកាលមុន ស្មើនឹងឈ្នះ ២២ប្រកួត ក្នុងចំណោម ៣៣ប្រកួតរបស់ពួកគេ តែមានឱកាសឈ្នះ ៦០.០%ក្នុងលីគរដូវកាលនេះ នៅពេលអវត្តមានកីឡាករវ័យ ៣៣ឆ្នាំ Messi មានន័យថា ឈ្នះ ៣ប្រកួតក្នុងចំណោម ៥ប្រកួត។

បន្ថែមលើនេះ FC Barcelona រកបានជ័យជម្នះ ២ប្រកួតជាប់គ្នាទៅលើក្រុម Cornella ក្នុងពាន Copa del Rey មុនទៅឈ្នះ Elche ក្នុងលទ្ធផល ២-០ ដូចគ្នា នៅពេលអវត្តមាន Lionel Messi ដោយសារជាប់បម្រាមកាតក្រហមកាលប្រកួតផ្តាច់ព្រ័ត្រចាញ់ Athletic Bilbao ក្នុងកម្មវិធី Spanish-Super Cup៕