(ភ្នំពេញ)៖ ក្រុមហ៊ុនសែលកាត (Cellcard) ប្តេជ្ញាគាំទ្រដល់កម្មវិធីប្រកួតកីឡា ប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិ ដើម្បីជ្រើសរើសកីឡាករឈាន ទៅប្រកួតបន្តនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងត្រូវធ្វើឡើង នៅក្នុងឆ្នាំ២០២១នេះ នៅប្រទេសវៀតណាម។

ក្រុមហ៊ុនសែលកាត បានប្រកាសជាផ្លូវការនូវការប្រកួតជ្រើសរើសកីឡាករជើងឯក ដែលនឹងត្រូវហ្វឹកហាត់ ដើម្បីត្រៀមខ្លួនធ្វើជាតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងខែវិច្ឆិកា ខាងមុខនេះ។ ការប្រកួតជើងឯកនេះ ត្រូវបានរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ ក្រោមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ុនសែលកាត កាលពីឆ្នាំកន្លងទៅនៃកិច្ចសហការរយៈពេល ២ឆ្នាំរបស់ខ្លួនជាមួយនឹងស្ថាប័ន ONE Championship មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលជាស្ថាប័នផ្នែកកីឡា និងការកម្សាន្តដ៏ធំបំផុតមួយ នៅលើពិភពលោក។

នៅក្នុងពិធីបើកការប្រកួត ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក តែម មឿន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងថា ទស្សនៈវិស័យរបស់សមាគមកីឡាខ្មែរ គឺដើរទន្ទឹមគ្នាយ៉ាងល្អជាមួយនឹងសែលកាត ដែលជា ក្រុមហ៊ុនជាមោទនភាពជាតិខ្មែរ និងជាក្រុមហ៊ុនទូរគមនាគមន៍ចល័តតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្រងដោយជនជាតិខ្មែរ១០០%។

លោក វ៉ាត សុន បានឱ្យដឹងទៀតថា ខណៈដែលក្រុមសែលកាត ចូលរួមធ្វើជាតំណាងឱ្យគុណតម្លៃ និងកេរ្តិ៍ដំណែលប្រពៃណីខ្មែរ វាពិតជាប្រសើរណាស់ ក្នុងការជួយ ដល់វិស័យ គុនខ្មែរ ដែលកីឡានេះ គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងជាកីឡាដ៏ជាទីមោទនបំផុតមួយ សម្រាប់ប្រទេសកម្ពុជា។ ក្រុមហ៊ុន សែលកាត និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ពិតជាមានមោទនភាពបំផុត សម្រាប់ឱកាសក្នុងការចូលរួមគាំទ្រដល់កីឡាករខ្មែរ ដែលពួកគេនឹងលើកទង់ជាតិខ្មែរ បង្ហាញប្រកបដោយភាពអង់អាចក្លាហាន នៅក្នុងការព្រឹត្តិការណ៍ប្រកួតខាងមុខនេះ។

លោក ចាន់ រតនា ដែលជាកំពូលកីឡាករដ៏ឆ្នើមប្រចាំឱ្យកម្ពុជា និងជាទូតសុឆន្ទៈតំណាងឱ្យក្រុមហ៊ុនសែលកាត បានថ្លែងដែរថា គុនខ្មែរ គឺមានសារៈ សំខាន់ខ្លាំងណាស់ សម្រាប់រូបគាត់ ទាំងផ្នែកអាជីព និងការកសាងអនាគតផ្ទាល់ខ្លួន ពោលគឺបានជួយរូបគាត់ឱ្យទទួលបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងការប្រកួតអន្តរជាតិ ក្នុងនាមជាកីឡាករប្រយុទ្ធរបស់ ONE Championship ។

សូមបញ្ជាក់ថា កម្មវិធីប្រកួតជើងឯកជាតិនេះ នឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅពហុកីឡាដ្ឋានស្តាតចាស់ (មជ្ឈមណ្ឌលកីឡាកង យោធពលខេមរភូមិន្ទ) រាជធានីភ្នំពេញ ដោយក្នុងនោះនឹងមានការចូលរួមរបស់កីឡាករកំពូលៗរបស់ខ្មែរ នៅក្នុងកម្រិតទម្ងន់ផ្សេងៗគ្នាផងដែរ៕