(ភ្នំពេញ)៖ ថ្លែងក្នុងថ្ងៃបិទបញ្ចប់ការប្រកួតបាល់ទះមិត្តភាពជាតិ អបអរសាទរខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-២០២១ ដែលមានក្រុមបាល់ទះវិសាខា ជាក្រុមជើងឯកក្នុងចំណោម ៥ក្រុមចូលរួម។

ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថា នឹងមានការប្រកួតដណ្តើមពាន ២កម្រិតក្នុងឆ្នាំ២០២១ នេះ។ លោកថា នេះគឺជាសក្ខីភាពមួយ ដើម្បីរំឮកឡើងវិញនូវខួបជ័យជម្នះ ៧មករា និងចាប់ផ្ដើមពង្រឹងចាប់ពីថ្ងៃនេះតទៅ អំពីក្រុមកីឡាបាល់ទះ ជាមួយនឹងការថ្លែងអំណរគុណដល់មេបញ្ជាការគ្រប់អង្គភាព ដែលបានបញ្ជូនក្រុមកីឡាមកប្រកួតក្នុងលក្ខណៈដកស្រង់បច្ចេកទេសក្នុងនាមមិត្តភាព។

ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាដដែលបានបន្តថា «យើងខ្ញុំក៏បានពិភាក្សាជាមួយលោក ស សុខា ដើម្បីរួមគ្នាក្នុងឆ្នាំ២០២១ រៀបចំយ៉ាងហោចណាស់ឲ្យមានការប្រកួតពានរង្វាន់ធំៗ ២ផងដែរដោយទី១-ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងទី២-ជាពានរង្វាន់សម្ដេចតក្រឡាហោម ស ខេង ដោយអនុញ្ញាតឲ្យមហាជន គ្រប់អង្គភាពឯកជន និងរដ្ឋ ទូទាំងរាជធានី-ខេត្តចូលរួម»

នៅក្នុងការប្រកួតកីឡាបាល់ទះមិត្តភាព អបអរសាទរខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២១ ដែលមានរយៈពេល ៥ថ្ងៃចាប់តាំងពីថ្ងៃទី២០-២៥ ខែមករានោះ ក្រុមបាល់ទះវិសាខា ជាក្រុមជយលាភី ដោយទទួលបានពាន១ និងថវិកា ៥,០០០,០០០រៀល ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមក្រសួងមហាផ្ទៃ ទទួលបានថវិកា ៣,០០០,០០០រៀល និងក្រុមកងពលធំអន្តរាគមន៍លេខ៣ ទទួលបានថវិកា ២,០០០,០០០រៀល ខណៈក្លិបកីឡាបាល់ទះ បញ្ជាការដ្ឋានអង្គរក្ស ឈរលេខ៤ និងក្លិបកីឡាបាល់ទះ ស្នងការដ្ឋានរាជធានីភ្នំពេញ ឈរនៅលេខរៀងទី៥៕