(ភ្នំពេញ)៖ កីឡាការិនីគុនចម្រុះខ្មែរ-អាមេរិក ឯម សុវណ្ណារី បានបង្ហាញទំនុកចិត្ត និងការជឿជាក់ខ្ពស់លើខ្លួនឯង សម្រាប់ការត្រៀមត្រឡប់ឡើងសង្វៀន ONE វិញនាចុងសប្ដាហ៍នេះ ក្រោយខកខានប្រកួតជាង ១ឆ្នាំ។ នៅថ្ងៃទី២៩ ខែមករានេះ សុវណ្ណារី នឹងត្រូវជួបកីឡាការិនីកូរ៉េខាងត្បូង Choi Jeong-yun ក្នុងព្រឹត្តិការណ៍ ONE: UNBREAKABLE II ក្នុងប្រទេសសិង្ហបុរី។

សុវណ្ណារី បានបញ្ជាក់ថា «រយៈពេល១ឆ្នាំ កាលពីឆ្នាំ២០២០ ខ្ញុំអត់បានប្រកួតទេ ដូច្នេះហើយខ្ញុំមានពេលវេលាច្រើន ដើម្បីអភិវឌ្ឍសមត្ថភាព។ ជំនាញក្រោម (Ground Game) និងក្បាច់វ៉ៃឈររបស់ខ្ញុំមានការរីកចម្រើនច្រើន ដោយសារការហ្វឹកហាត់បានល្អកាលពីឆ្នាំមុន»។ កត្ដានេះហើយដែលនាំឲ្យនាងមានទំនុកចិត្ត សម្រាប់ការត្រៀមជួបជើងខ្លាំងកូរ៉េ Choi Jeong-yun ថ្ងៃសុក្រនៃសប្តាហ៍នេះ។

គេចាំបានថា កាលពីឆ្នាំ២០១៩ កីឡាការិនីវ័យ ២៧ឆ្នាំរូបនេះបានប្រកួតចាញ់កីឡាការិនីប្រេស៊ីល Rayane Marques Bastos ក្នុងទឹកទី១ នៅកម្មវិធី ONE: Mark of Greatness។ ក្រោយការបរាជ័យនោះ ធ្វើឲ្យនាងហាក់មានអារម្មណ៍ច្របូកច្របល់ចំពោះអាជីពប្រដាល់គុនចម្រុះរបស់ខ្លួន។ តែឥឡូវ សុវណ្ណារី បានស្គាល់ពីខ្លួនឯងច្បាស់ ដែលធ្វើឲ្យនាងត្រៀមខ្លួនជាស្រេច ដើម្បីឡើងសង្វៀនវិញ។

អ្នកលេងគុនចម្រុះកូនខ្មែរនៅអាមេរិករូបនេះបន្ដថា «ឥឡូវនេះ ខ្ញុំស្គាល់ខ្លួនឯងថា ទាំងក្បាច់វ៉ៃឈរ និងក្បាច់ក្រោម ខ្ញុំល្អច្រើន ដែលអាចវ៉ៃបានគ្រប់ទឹកទាំងអស់។ ក្រោយពេលចាញ់ចុងក្រោយនៅ ONE ខ្ញុំមានអារម្មណ៍អត់សូវមានទំនុកចិត្តក្នុងនាមជាអ្នកប្រដាល់សោះ។ ប៉ុន្តែដោយមានការហ្វឹកហាត់ដិតដល់ក្នុងរយៈពេលកូវីដ-១៩ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងល្អច្រើនណាស់»

គួរបញ្ជាក់ថា ការប្រកួតថ្ងៃសុក្រនេះ គឺជាលើកទី៣ ហើយ ដែលកីឡាការិនីសម្បុរស្រអែម ឯម សុវណ្ណារី មានឱកាសឡើងសង្វៀនលំដាប់អន្ដរជាតិ ONE បន្ទាប់ពីប្រកួតលើកទី១ ឈ្នះកីឡាការិនីអ៊ុយក្រែន Iryna Kyselova ក្នុងទឹកទី១ នៅក្នុងកម្មវិធី ONE: Destiny of Champions កាលពីឆ្នាំ២០១៨ និងលើកទី២ ចាញ់កីឡាការិនីប្រេស៊ីល Rayane Marques Bastos ក្នុងទឹកទី១ នៅកម្មវិធី ONE: Mark of Greatness កាលពីឆ្នាំ២០១៩៕