(ឡុងដ៍)៖ ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook បានប្រកាសឱ្យដឹងថា ខ្លួននឹងចាប់ផ្ដើមដាក់ឱ្យដំណើរការមុខងារ Facebook News នៅក្នុងចក្រភពអង់គ្លេស ដោយក្នុងនោះ ក្រុមហ៊ុននឹងបង់ប្រាក់សម្រាប់ស្ថាប័នព័ត៌មានដែលខ្លួនបាន ទាញយកមាតិកាព័ត៌មាន មក ប្រើប្រាស់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNCB នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា Facebook News នឹងចែក ទៅតាម មាតិកាព័ត៌មានផ្សេងៗគ្នា ដោយក្នុងនោះមានដូចជា ព័ត៌មានជាតិ (ព័ត៌មានក្នុងស្រុក) ព័ត៌មាន Lifestyle និង នយោបាយ ជាដើម ប៉ុន្តែព័ត៌មានទាំងនោះគឺសុទ្ធសឹងតែជាព័ត៌មានដែលទាក់ទងទៅនឹងចក្រភពអង់គ្លេសតែប៉ុណ្ណោះ។

ការដាក់ចេញ Facebook News នេះត្រូវបានគេមើលឃើញថា Facebook កំពុងតែប្រជែងជាមួយនឹង Apple News ដែល បានដាក់ ឱ្យប្រើនៅសហរដ្ឋអាមេរិកកាលពីខែមិថុនា និងនៅចក្រភពអង់គ្លេស។

Facebook បានប្រកាសពីគម្រោង News នេះកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយបាននិយាយថា លក្ខខណៈពិសេសមួយនេះ ត្រូវបាន ធ្វើឡើងដោយបានសហការជាមួយនឹងស្ថាប័នព័ត៌មានធំៗដូចជា Conde Nast, Hearst, The Economist និង Guardian Media Group ហើយថ្មីៗនេះ បានសហការជាមួយនឹងស្ថាប័នព័ត៌មានបន្ថែមទៀត ដូចជា Channel 4 News, Daily Mail Group, DC Thomson, Financial Times, Sky News និង Telegraph Media Group៕