(ភ្នំពេញ)៖ ការប្រកួតក្របខណ្ឌលីគទី២ កម្ពុជា ឆ្នាំ២០២០ បានរកឃើញបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រហើយ គឺក្រុមយុវជន U21 កងយោធពលខេមរភូមិន្ទ(ទ័ព) ដែលត្រូវឡើងជួបក្រុមឈរកំពូលតារាង សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង បន្ទាប់ពីពួកគេបានវាយបកឈ្នះក្រុមយុវជន U21 ភ្នំពេញក្រោន ដោយលទ្ធផល ៣-១ នៅកីឡដ្ឋានស្ដាតចាស់នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។
ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្រុមសិង្ហក្រហមជំទង់ភ្នំពេញក្រោន បានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន ដោយកីឡាករ សំអុល ទីណា នៅនាទី១៣ មុនកីឡាករ ញាណ សុស៊ីដាន វាយបកតាមស្មើវិញ ១-១ នៅនាទី២៤។ ចូលវគ្គទី២ សុស៊ីដាន និងមិត្តរួមក្រុម ឈឿន ឧត្តម បានបន្ថែម ២គ្រាប់ទៀត ជួយឲ្យក្រុម U21 កងយោធពលខេមរភូមិន្ទ ទទួលបានជ័យជម្នះក្រុមភ្ញៀវ ៣-១ តែម្ដង។
ផ្អែកលើរូបមន្ដ ក្រុមឈរលេខ៣ ប៉ះលេខ៤ យកក្រុមឈ្នះឡើងជួបក្រុមលេខ២ ហើយក្រុមឈ្នះ បន្ដទៅជួបក្រុមកំពូលតារាង នាំឲ្យក្រុម U21 កងយោធពលខេមរភូមិន្ទ ត្រូវឡើងទៅជួបក្រុមកំពូលតារាងខេត្តព្រៃវែង នៅវគ្គផ្ដាច់ព្រ័ត្រ ខណៈការប្រកួតដណ្ដើមជើងឯក គ្រោងធ្វើឡើងនាថ្ងៃទី៣០ ខែមករាខាងមុខ។ កាលពីវគ្គសន្សំពិន្ទុ ក្រុមទាំងពីរ បានប្រកួតស្មើគ្នា ១-១ និងរកបាន ២៣ពិន្ទុស្មើគ្នា ដើម្បីឈរលេខ១ និងលេខ២ ទៀតផង។
លោក ប៊ួយ ភារម្យ គ្រូបង្វឹកក្រុម U21 កងយោធពលខេមរភូមិន្ទ បានបង្ហាញនូវការត្រៀមខ្លួនរួចរាល់ ដើម្បីជួបក្រុមខ្លាំងខេត្តព្រៃវែង ដែលជាក្រុមធ្លាប់យកឈ្នះក្រុមធំកងយោធពលខេមរភូមិន្ទ ហើយលោកសង្ឃឹមថា កូនក្រុមខ្លួននឹងបន្ដធ្វើបានល្អ ដូចការប្រកួតជាមួយក្រុម U21 ភ្នំពេញក្រោន ដូច្នោះដែរ ដើម្បីប្រជែងជើងឯក។ តែយ៉ាងណាលោកក៏មានការបារម្ភខ្លះដែរ ដោយសារព្រៃវែង ជាក្រុមឈរចាំ ដែលត្រៀមកម្លាំងបានល្អប្រសើរជាងក្រុមខ្លួន៕