(អាមេរិក)៖ ក្រុមហ៊ុន Microsoft បានប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី២របស់ខ្លួន ដោយនៅក្នុងនោះបានបង្ហាញថា កើនឡើង ១៧ភាគរយ បើធៀបទៅនឹងឆ្នាំមុន ជាពិសេសអាជីវកម្ម Cloud បានរកប្រាក់ចំណូលបានច្រើនជាងគេ។ នេះ បើយោងតាម ការចេញផ្សាយសារព័ត៌មាន CNBC នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។
យោងតាមរបាយការណ៍បានបង្ហាញថា ក្រុមហ៊ុន Microsoft រកប្រាក់ចំណូលបាន ៤៣.០៨ពាន់លានដុល្លារអាមេរិក ខណៈដែល អ្នក វិភាគ បានព្យាករណ៍ថា មានត្រឹមតែ ៤០.១៨ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ តួលេខនៃប្រាក់ចំណូលនេះ បានបង្ហាញថា ប្រាក់ចំណូល នៅ ត្រីមាសទី២របស់ Microsoft កើនឡើង ១៧ភាគរយ បើធៀបនឹងឆ្នាំមុន ហើយបើធៀបត្រីមាសមុនកើនឡើង ១២ភាគរយ។
ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា ប្រាក់ចំណូលបានមកពីសេវាកម្ម Microsoft Azure (Cloud) បានកើនឡើងរហូតដល់ ៥០ភាគរយ ប៉ុន្តែមិនបានបញ្ជាក់ថា បានប៉ុន្មានលានដុល្លារនោះទេ។
គួរបញ្ជាក់ផងដែរថា ក្រោយពីប្រកាសបង្ហាញរបាយការណ៍នេះភ្លាម ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បានហក់ឡើង ៥ភាគរយភ្លាមៗ ផងដែរ បន្ទាប់ពីនៅទ្រឹងតាំងពីខែកញ្ញា ឆ្នាំ២០២០មក៕