(ក្រុងឡុងដ៍)៖ ក្រុមមេឃខៀវ Manchester City បានហក់ឡើងទៅតំណែងកំពូលតារាង Premier League វិញ ក្រោយយកបាន ៣ពិន្ទុបន្ថែមពីម្ចាស់ផ្ទះ West Bromwich Albion ក្រោមលទ្ធផល ៥-០ នៅរាត្រីថ្ងៃអង្គរ ទី២៦ ខែមករា ឆ្នាំ២០២១ ក្នុងការប្រកួតបញ្ចប់ជើងទី១ រដូវកាលនេះរបស់ពួកគេ។
City ដែលអវត្តមានកីឡាករសំខាន់ៗមានដូចជា Kevin de Bruyne, Sergio Aguero និង Gabriel Jesus ផងនោះ អាចស៊ីក្រុមដែលកំពុងត្រដាបត្រដួសក្បែរបាតតារាង West Brom ដល់ទៅ ៥ទលនឹង០ ពីការធ្វើបានសម្រេចរបស់កីឡាករអាល្លឺម៉ង់ Ilkay Gundogan ២គ្រាប់ម្នាក់ឯងនៅនាទីទី៦ និងនាទី៣០ ដែលធ្វើឲ្យរូបគេកើនបាន ៧គ្រាប់ក្នុងរដូវកាលនេះក្នុងលីគ ធ្វើបានល្អជាងរដូវកាលណាៗទាំងអស់។
មិត្តរួមក្រុម Cancelo, Mahrez និង Raheem Sterling សុទ្ធតែរួមចំណែករកបានម្នាក់ ១គ្រាប់ដូចគ្នា ដើម្បីជួយក្រុមរបស់លោក Pep Guardiola រកបាន ៤១ពិន្ទុឡើងទៅឈរនៅតំណែងកំពូលតារាង Premier League វិញ រុញបិសាចក្រហមដែលមាន ៤០ពិន្ទុធ្លាក់មកលេខ២ បណ្តោះអាសន្នវិញនៅថ្ងៃបិទបញ្ចប់ជើងទី១ របស់ពួកគេ។ មេឃខៀវ មិនទាន់ចាញ់ការប្រកួតណាមួយក្នុងលីគឡើយ ក្នុងចំណោម ៧ប្រកួតចុងក្រោយនេះ។
ការបរាជ័យក្នុងផ្ទះរបស់ West Bromwich Albion បានបន្តធ្វើឲ្យក្រុមមួយនេះស្ថិតនៅលេខរៀងទី១៩ ក្រោយឆ្លងកាត់ ២០ប្រកួត មានតែ ១១ពិន្ទុប៉ុណ្ណោះ៕