(ភ្នំពេញ)៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបិទវគ្គបណ្ដុះបណ្ដាលចៅក្រម-អាជ្ញាកណ្ដាល កម្រិត «ក» ប្រចាំឆ្នាំ២០២១ រយៈពេល ៦ថ្ងៃ មុនការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ របស់ខ្លួន ដែលនឹងបើកការប្រកួតនៅល្ងាចថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក ស៊ូម សារឿន ប្រធានសហព័ន្ធបានថ្លែងក្នុងពិធីបិទវគ្គនៅល្ងាចអង្គារ ទី២៦ ខែមករាថា វគ្គនេះពិតជាមានសារសំខាន់ក្នុងការពង្រឹង និងអភិវឌ្ឍសមត្ថភាពចៅក្រម-អាជ្ញាកណ្ដាលឲ្យកាន់តែល្អប្រសើរ ដើម្បីឈានទៅរកការចូលរួមកាត់សេចក្ដីការប្រកួតថ្នាក់តំបន់ និងអន្ដរជាតិផង និងរួមចំណែកផ្ដល់យុត្ដិធម៌ តម្លាភាពក្នុងការប្រកួតថ្នាក់ជាតិ ដើម្បីជំរុញការផលិតធនធានកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាឲ្យកាន់តែរីកចម្រើនផង។

លោកបន្ដថា វគ្គនេះបានផ្តោតសំខាន់លើច្បាប់ និងបែបបទនៃការប្រកួត ការដាក់ពិន័យ និងការព្រមាន បច្ចេកទេសនៃការដាក់ពិន្ទុឲ្យកីឡាករ-កីឡាការិនី ការអនុវត្តជាក់ស្តែងលើទីលាន និងបទបញ្ញត្តិទូទៅនៃកីឡា។ យ៉ាងណាមិញលោកសង្កេតឃើញសិក្ខាកាមចូលរួម នៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវពង្រឹងបន្ថែមទៀត ក្នុងន័យជំរុញសិក្ខាកាមទាំងអស់ ក្លាយទៅជាចៅក្រម និងអាជ្ញាកណ្តាលប្រកបដោយគុណវុឌ្ឈ និងថាមពលទាំងក្នុងក្របខណ្ឌ ការប្រកួតថ្នាក់ជាតិ តំបន់ និងអន្តរជាតិនាពេលអនាគត។

លោក អ៊ូ រតនា អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា វគ្គនេះមានសិក្ខាកាមចូលរួម ២៨នាក់ (ស្ដ្រី ៥នាក់) មកពី ៩រាជធានី-ខេត្ត និង ២ក្រសួងចូលរួម។ លោកបានចាត់ទុកវគ្គនេះ ពិតជាវគ្គដ៏សំខាន់ណាស់ សម្រាប់ការត្រៀមរៀបចំការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ ដែលនឹងចាប់ផ្ដើមពីល្ងាចថ្ងៃពុធនេះ ហើយលោកបានជំរុញចៅក្រម-អាជ្ញាកណ្ដាលទាំងអស់ ត្រូវអនុវត្តតួនាទីឲ្យមានប្រសិទ្ធភាពបំផុត ដើម្បីផ្ដល់យុត្តិធម៌ និងតម្លាភាពជូនកីឡាករ-កីឡាការិនី ដែលជាផ្នែកមួយដ៏សំខាន់ នៃភាពរីកចម្រើនក្នុងវិស័យកីឡា។

ទន្ទឹមជាមួយការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលត្រូវបានពន្យារពេលមកធ្វើក្នុងសប្ដាហ៍នេះ ថ្នាក់ដឹកនាំសហព័ន្ធបានជំរុញកីឡាករ-កីឡាការិនីចូលរួមទាំងអស់ ត្រូវខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញនូវសមត្ថភាព និងបច្ចេកទេសរបស់ខ្លួន ដ្បិតអ្នកដែលលេចធ្លោរក្នុងការប្រកួតនេះ សហព័ន្ធនឹងធ្វើការសម្រិតសម្រាំង ដើម្បីប្រមូលផ្ដុំជម្រើសជាតិ ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២១ ក៏ដូចជាត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕