(អាមេរិក)៖ របាយការណ៍មួយដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធនេះបានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Telsa លោក Elon Musk អាចនឹងទទួលបានប្រាក់ប្រមាណជា ៧ពាន់លានដុល្លារបន្ថែមទៀតពីក្រុមហ៊ុនមួយនេះ ខណៈដែល ម្ចាស់ ភាគហ៊ុន ចង់ឃើញ តួលេខនៃការលក់រថយន្តសម្រេចតាមគោលដៅនៅឆ្នាំ ២០២១ ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Elon Musk ដែលជាម្ចាស់ភាគហ៊ុនធំ នៅក្នុងក្រុមហ៊ុន SpaceX មិនទទួលប្រាក់បៀវត្សន៍ពីក្រុមហ៊ុន Tesla ឡើយ តែលោកសម្រេចចិត្ត ទទួលយក កញ្ចប់ប្រាក់ឈ្នួល ពីក្រុមហ៊ុន Tesla ដែលនឹងផ្ដល់ឱ្យលោក នៅពេលដែលក្រុមហ៊ុនសម្រេចបានគោលដៅនៃការលក់។
ត្បិតតែកាលពីឆ្នាំ ២០២០ ក្រុមហ៊ុន Tesla លក់រថយន្តមិនបានទៅតាមគោលដៅដែលបានកំណត់ក្ដី ក៏ប៉ុន្តែភាគហ៊ុន និងក្រុមហ៊ុន Tesla ផ្ទាល់បានសម្រេចផ្ដល់រង្វាន់លើកទឹកចិត្តដល់លោក Elon Musk ដដែល ព្រោះថាតួលេខនៃការលក់គឺកើនឡើងជិតដល់ គោល ដៅ ខណៈដែលពិភពលោកទាំងមូលបានជួបនូវវិបត្តិកូវីដ-១៩។
ក្រុមហ៊ុន Tesla អាចនឹងផ្ដល់ជម្រើសសម្រាប់លោក Elon Musk ដោយ អនុញ្ញាតឱ្យទិញ ហ៊ុន របស់ក្រុមហ៊ុន Tesla ចំនួន ៨.៤លានហ៊ុន ក្នុងតម្លៃ ៧០ដុល្លារអាមេរិក ក្នុងមួយហ៊ុន ខណៈដែលតម្លៃទូទៅ ៨៨៩ដុល្លារអាមេរិក ក្នុង មួយហ៊ុន ដែលនាំឱ្យលោក Elon Musk នឹងទទួលបានប្រាក់ចំណូលបន្ថែមទៀត ៣៥ពាន់លានដុល្លារ ឬទទួលបានកញ្ចប់ទឹកប្រាក់ ពិសេស មួយ ៧ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែថា បច្ចុប្បន្ន Telsa បានក្លាយទៅជាក្រុមហ៊ុនជូញដូរហ៊ុនជាសាធារណៈមានតម្លៃខ្លួនថ្លៃបំផុតទី៥ នៅក្នុងប្រវតិ្តសាស្ត្ររបស់អាមេរិក ដែលមានប្រាក់មូលធនសរុបដល់ទៅ ៨៤៣ពាន់លានដុល្លារ៕