(ភ្នំពេញ)៖ ធនាគារ ហត្ថា ដែលទើបទទួលបាន អាជ្ញាប័ណ្ណជាធនាគារពាណិជ្ជថ្មីៗនេះ បានប្រកាសពីគម្រោងសាងសង់អគារការិយាល័យកណ្តាលថ្មី ដ៏ធំស្គឹមស្កៃ និងដ៏ទំនើប ដើម្បីគាំទ្រដល់ប្រតិបត្តិការអាជីវកម្ម ដែលមាន សន្ទុះខ្លាំង នៅក្នុងទីផ្សារហិរញ្ញវត្ថុ។

ផែនការសាងសង់អគារការិយាល័យកណ្តាលថ្មីនេះ ត្រូវបានប្រកាសជាសាធារណៈ ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់អគារការិយាល័យកណ្តាលថ្មី របស់ខ្លួន ជាមួយក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ។

ធនាគារ ហត្ថា ទទួលបានជោគជ័យធំៗផ្ទួនៗគ្នាបន្ថែម ពីលើការរីកចម្រើនឥតឈប់ឈរពីអាជីវកម្មរបស់ខ្លួន ពីព្រោះថាកាលពីចុងឆ្នាំ២០២០កន្លងមកនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ទៅជាធនាគារពាណិជ្ជ ទោះបីជានៅក្នុងអំឡុងពេលដែលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងជួបនូវវិបត្តិកូវីដ១៩ក៏ដោយ។ ជាក់ស្តែងក្នុងថ្ងៃនេះទី២៧ ខែមករា ឆ្នាំ២០២១នេះ ធនាគារ ហត្ថា បានចុះហត្ថាលេខា ដើម្បីសាងសង់អគារការិយាល័យកណ្តាលថ្មីរបស់ខ្លួនចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ និងជាតំបន់ដែលពោពេញទៅដោយសក្តានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ 

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានថ្លែងឲ្យដឹងថា «គម្រោងសាងសង់អគារការិយាល័យកណ្តាលថ្មីនេះ មានទំហំសំណង់សរុបប្រមាណជាង ៤០,០០០ម៉ែត្រក្រឡា និងមានកម្ពស់២២ជាន់ ដែលស្ថិតនៅលើផ្ទៃដីប្រមាណជិត ១៥,០០០ ម៉ែត្រក្រឡា តាមបណ្តោយមហាវិថីសម្តេចតេជោសែន (ឬផ្លូវ៦០ម៉ែត្រ)។ ហើយអគារថ្មីនេះ មានមុខងារជាច្រើន រួមមាន ការិយាល័យសម្រាប់បុគ្គលិកធ្វើការ ការិយាល័យ ទទួលភ្ញៀវ ហាងកាហ្វេ អាហារដ្ឋាន ទារកដ្ឋាន និងក្លឹបហាត់ប្រាណជាដើម» ។ល។

លោកឧញ៉ាបានបន្ថែមទៀតថា «អគារការិយាល័យថ្មីនេះ គឺសាងសង់ឡើងដើម្បីឆ្លើយតបទៅនឹងភាពរីកលូតលាស់នៃអាជីវកម្ម កំណើនបុគ្គលិកដែលបានកើនឡើងយ៉ាងឆាប់រហ័ស និងឆ្លើយតបទៅផែនការអាជីវកម្ម ដែលយើងបានប្តេជ្ញាក្លាយទៅជាធនាគារជំរើសទីមួយរបស់អតិថិជន ព្រមទាំងដើម្បីបង្ហាញពីកិត្យានុភាព កសាងទំនុកចិត្ត និងផ្តល់ផាសុកភាពដល់អតិថិជន និងបុគ្គលិក របស់ធនាគារ ហត្ថា ទាំងអស់»

បន្ទាប់ពីបានធ្វើការសិក្សាយ៉ាងល្អិតល្អន់អស់រយៈជិតមួយឆ្នាំកន្លងមកនេះ ធនាគារ ហត្ថា បានធ្វើការជ្រើសរើស ក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន ដើម្បីធ្វើការរចនា និងការសាងសង់អគារការិយាល័យកណ្តាលថ្មីនេះ ។ លោកស្រី ជា សុខយូ នាយកគ្រប់គ្រង និងស្ថាបត្យករក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន បានឲ្យដឹងថា៖ «ក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន ពិតជាមានមោទនភាព ដែលធនាគារ ហត្ថា បានផ្តល់ទំនុកចិត្ដ ក្នុងភាពជាដៃគូដើម្បីរចនាប្លង់ និងសាងសង់នូវគម្រោងអគារការិយាល័យកណ្ដាលថ្មីរបស់ធនាគារ ហត្ថា ទាំងមូល ហើយជាពិសេស គឺយើងមានគោលដៅរួមគ្នា នោះគឺការសាងសង់នូវ អគារ ដែលមានគុណភាព និងស្តង់ដា»

លោកស្រីថ្លែងបន្ដថា ការរចនាប្លង់ និងផែនការសាងសង់គម្រោងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងទទួលបាននូវវិញ្ញាបណ្ណប័ត្រ Green Mark ពីអង្គការ BCA ព្រមទាំងអនុលោមតាមស្ដង់ដារ British Standard Building Code បទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តរបស់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពវិស័យសំណង់ក្នុងប្រទេសកម្ពុជារបស់យើងផងដែរ។

គិតត្រឹមដំណាច់ឆ្នាំ២០២០ ធនាគារ ហត្ថា មានការិយាល័យសរុបចំនួន១៧៧ និងបណ្តាញអេធីអឹមចំនួន១៣៧ នៅទូទាំងប្រទេស។ លើសពីនេះ អតិថិជនបានមកបើកគណនីជាមួយធនាគារ ហត្ថា គឺជិត៥០ម៉ឺនគណនី ដោយក្នុងនេះ គណនីបញ្ញើសន្សំមានជិត៣០ម៉ឺនគណនី និងគណនីឥណទានជិត២០ម៉ឺនគណនី។

ជាមួយគ្នានេះដែរ សំពាធឥណទានបានកើនឡើងដល់ជាង ១,៣០០លានដុល្លារ ដែលមានកំណើនប្រមាណជា២៦% បើធៀបនឹងឆ្នាំ២០១៩ និងចំណែកសំពាធប្រាក់បញ្ញើសន្សំបានកើនឡើងដល់ជិត ៨០០លានដុល្លារ ដែលមានកំណើនប្រមាណជាង ៣២% បើធៀបនឹងឆ្នាំ២០១៩។ ចំណែកអតិថិជន ដែលបានចុះឈ្មោះប្រើប្រាស់សេវាកម្មធនាគារចល័តវិញ បានកើនឡើងរហូតដល់ ១០៥% គឺកើនឡើងពីជាង៨,០០០នាក់ ទៅដល់ជាង ១៦,០០០នាក់ បន្ទាប់ពីបានដាក់ឲ្យប្រើប្រាស់ សេវាធនាគារចល័ត ដែលទើបបានធ្វើទំនើបកម្មរួចរាល់កាលពីចុងឆ្នាំ២០២០៕