(អាមេរិក)៖ ក្រុមហ៊ុនធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក Amazon បានបញ្ឈប់ការលក់ស្រា និងស្រាបៀរ នៅប្រទេសអៀរឡង់ខាងជើង និងកំពុងរៀបចំលុបឈ្មោះផលិតផលបន្ថែមទៀត ដោយសារតែច្បាប់គយថ្មី នៃ Brexit, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ។
ក្រុមហ៊ុនលក់ទំនិញរាយអនឡាញនេះ មានការព្រួយបារម្ភថា កាតព្វកិច្ចពន្ធនឹងត្រូវបង់ពីរដង លើការដឹកជញ្ជូនគ្រឿងស្រវឹង ដែលត្រូវបានបញ្ជូនពីដីគោកអង់គ្លេស ឆ្លងកាត់សមុទ្រអៀរឡង់ ទៅអៀរឡង់ខាងជើង។
ចក្រភពអង់គ្លេស បានចាកចេញពី ទីផ្សារ និងសហជីពគយតែមួយ របស់សហភាពអឺរ៉ុប នៅថ្ងៃទី៣១ ខែធ្នូ ដោយណែនាំអំពីឯកសារ និងសេចក្តីប្រកាសពន្ធគយ សម្រាប់ការធ្វើអាជីវកម្ម ដែលនាំចូលនិងនាំចេញទំនិញគ្រឿងស្រវឹង ជាមួយប្រទេសនៅសហភាពអឺរ៉ុប។
រដ្ឋាភិបាលអង់គ្លេស បានលើកឡើងថា កញ្ចប់ទំនិញដ៏ច្រើនលើសលុប បានបន្តផ្ញើយ៉ាងរលូន ហើយមិនមានហេតុផលណាមួយ សម្រាប់ការធ្វើអាជីវកម្ម ដែលមិនអាចផ្ញើទំនិញ ទៅកាន់អៀរឡង់ខាងជើងបាននោះទេ។
អ្នកនាំពាក្យមួយរូបរបស់រដ្ឋាភិបាល បានលើកឡើងថា «ទំនិញទាំងនេះ នឹងមិនត្រូវបង់ពន្ធពីរលើកនោះទេ ហើយយើងនឹងចេញនូវសេចក្តីណែនាំថ្មីមួយ បញ្ជាក់ពីជំហរ ដើម្បីធានាថារាល់បញ្ហាដែលនៅសេសសល់ ត្រូវបានដោះស្រាយ»៕