(ភ្នំពេញ)៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបើកយុទ្ធនាការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ជាផ្លូវការហើយ បន្ទាប់ពីពន្យារពេលជាច្រើនលើក ដោយបញ្ហាកូវីដ-១៩ ហើយក្នុងការប្រកួតនេះ សហព័ន្ធនឹងធ្វើការជ្រើសរើសអ្នកខ្លាំង ទៅប្រមូលផ្ដុំជាមួយក្រុមជម្រើសជាតិ ដើម្បីជម្រើសអ្នកខ្លាំង ក្នុងចំណោមអ្នកខ្លាំង ២៩រូបត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងឆ្នាំ២០២១ នេះ។
លោក អ៊ូ រតនា អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ការប្រមូលផ្ដុំជម្រើសជាតិចំនួន ២៩នាក់ ដល់សហព័ន្ធខ្លួន ដើម្បីត្រៀមស៊ីហ្គេម ដែលម្ចាស់ផ្ទះវៀតណាម បានកំណត់ ១៥វិញ្ញាសា រួមមានវិញ្ញាសាប្រយុទ្ធ ៦ និងវិញ្ញាសាសម្ដែងមេគុន ៩។ អាស្រ័យហេតុនេះ សហព័ន្ធនឹងធ្វើការជ្រើសរើសកីឡាករ-កីឡាការិនីដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីត្រៀមការប្រកួតដ៏សំខាន់។
អគ្គលេខាធិការខាងលើបន្ដថា «ជើងឯកថ្នាក់ជាតិនេះ កីឡាករ-កីឡាការិនីកម្រិតខ្ពស់កម្រិតអន្ដរជាតិ ៧-៨រូប យើងមិនឲ្យចូលរួមប្រកួតទេ ពិសេសជម្រើសជាតិឈុតធំ យើងផ្ដល់ឱកាសក្នុងការប្រកួតក្នុងស្រុក ដើម្បីឲ្យកីឡាករ-កីឡាការិនីថ្មីៗ គាត់មានឱកាស ដើម្បីឡើងមកប្រកួតដោយការជឿជាក់...។ បន្ទាប់ពីយើងទទួលបានពួកគាត់ ដែលជាអ្នកខ្លាំងហើយ យើងនឹងយកមកហ្វឹកហាត់ជាមួយគ្នា ជាមួយក្រុមជម្រើសជាតិជើងចាស់ ហើយយើងនឹងចម្រាញ់បន្ថែមទៀត យកតែ ២៩រូបទេ»។
គួរបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលលើកមកធ្វើពេលនេះ គឺគ្រោយប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែមករា ឆ្នាំ២០២១ នៅទីលានបាល់បោះ នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយមានកីឡាករ-កីឡាការិនី ៧៦នាក់ មកពី ១២សមាគម/ក្លិប រាជធានី-ខេត្ត និងក្រសួងចូលរួម។ ចំពោះវិញ្ញាសាប្រកួត គឺមានសរុប ១៧វិញ្ញាសា ក្នុងនោះមានវិញ្ញាសាប្រយុទ្ធ ៩ប្រភេទ និងវិញ្ញាសាសម្ដែងចំនួន៨៕